រាប់ចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២ មានយានយន្តចំនួន ១៩០,៣៤៦ គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នេះបើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន។
យោងតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ ធៀបទៅនឹងទំហំចរាចរណ៍ដែលមានយានយន្តចំនួន ១៩០,៣៤៦ គ្រឿងធ្វើដំណើរ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នេះ មានករណីគ្រោះថ្នាក់ត្រឹមតែ ០,០០៤% ប៉ុណ្ណោះ ក្នុងអំឡុង ១៥ ថ្ងៃដំបូងនៃការបើកឱ្យប្រើប្រាស់សាកល្បងដោយមិនគិតថ្លៃរយៈពេល ១ ខែ។
ថ្ងៃទី ១៥ ខែតុលា ដែលជាថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យរម្លឹកខួប ១០ ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ព្រះបរមរតនកោដ្ឋ គឺជាថ្ងៃដែលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានចរាចរណ៍មមាញឹកជាងគេ ក្នុងអំឡុង ១៥ ថ្ងៃកន្លង ដោយមានយានយន្តសរុបចំនួន ២១,៧៩៨ គ្រឿង បានធ្វើដំណើរ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីធ្វើដើម្បីប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា៕