ក្រុមហ៊ុនស្ថាបត្យកម្ម Pneumocell របស់ ប្រទេសអូទ្រីស បានបង្ហើបឱ្យដឹងអំពីគំនិតស្ដីពីបរិស្ថានរស់នៅលើឋានព្រះចន្ទដែលអាចសប់ខ្យល់ឱ្យប៉ោងដោយយោងទៅតាមរចនាសម្ព័ន្ធមហាស្រាល។
គំនិតនេះនិយាយអំពីទិដ្ឋភាពតំបន់រស់នៅក្នុងអនាគតដែលតភ្ជាប់គ្នាដោយសំណង់ដែលអាចសប់ខ្យល់ និងកប់នៅក្រោមដីរបស់ព្រះចន្ទ។ ពួកវានឹងត្រូវបានដាក់នៅក្នុងតំបន់ក្បែរប៉ូលទាំងពីរ ជាទីដែលតែងតែមានពន្លឺព្រះអាទិត្យ។
Concept (គំនិត) ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Pneumocell នេះគឹជាផ្នែកមួយនៅក្នុងថ្នាលបង្កើតបរិយាកាសបើកចំហ (OSIP) ដែលគាំទ្រដោយ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ក្នុងបំណងស្វែងរកគំនិតដែលប្រកបដោយក្ដីសង្ឃឹមសម្រាប់ការស្រាវជ្រាវបរិយាកាសពីគ្រប់ប្រភព។
ក្រោយពីត្រូវបានសប់ខ្យល់ពេញ សំណង់សម្រាប់រស់នៅនេះនឹងត្រូវបានកប់ជម្រៅពី ៤ ទៅ ៥ ម៉ែត្រ ខាងក្រោមស្រទាបដីរបស់ ព្រះចន្ទ ដើម្បីការពារមនុស្សពីអាចម៍ផ្កាយ កម្ដៅ និងវិទ្យុសកម្មពីទីអវកាស។
នៅលើដំបូលរបស់សំណង់នឹងមានកញ្ចក់។ វាត្រូវបានផលិតឡើងដើម្បីបង្វែរទិសដៅទៅរកព្រះអាទិត្យ និងចាំងរស្មីចុះទៅកាន់រណ្ដៅសិប្បនិម្មិតមួយ ជាទីដែលកញ្ចក់ដទៃទៀតបង្វែងពន្លឺទៅរកផ្ទះកញ្ចក់នៅជុំវិញ។ ដើម្បីបង្កើតបរិយាកាសយប់នៅក្នុងផ្ទះកញ្ចក់នេះ គេគ្រាន់តែបង្វែរកញ្ចក់នៅលើដំបូលចេញពីព្រះអាទិត្យប្រហែលពី ៥ ទៅ ៦ ម៉ោងក្នុងវដ្ដ ២៤ ម៉ោងគឺជាការស្រេច។
តំបន់រស់នៅនេះនឹងដំណើរការតាមបែបម្ចាស់ការក្នុងរយៈពេលយូរ ដោយការផលិត និងកែច្នៃអុកស៊ីសែន ដាំដុះ ក៏ដូចជាចិញ្ចឹមសត្វនៅក្នុងកសិដ្ឋានកញ្ចក់ធំៗ។
ក្រុមហ៊ុន Pneumocell បានឱ្យដឹងថា សំណង់ដ៏ស្រាលនេះអាចនាំទៅកាន់ឋានព្រះចន្ទដោយភាពងាយស្រួល។ Pneumocell ក៏កំពុងពិនិត្យមើលយានអវកាសដែលមាននាបច្ចុប្បន្ន ឬកំពុងអភិវឌ្ឍ ដើម្បីដឹកជញ្ជូនវត្ថុធាតុ និងអ្នកអវកាសឡើងទៅកាន់ផ្កាយរណបធម្មជាតិរបស់ផែនដី។