(ស្កុតឡេន)-មួកសុវត្ថិភាពរបស់ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Edinburgh បំពាក់កាំមេរ៉ា រ៉ាដា អង្គញាណ ដែលជួយឱ្យបុគ្គលិកពន្លត់អគ្គិភ័យរកឃើញជនរងគ្រោះ និងស្គាល់បុគ្គលិករួមក្រុមបានដោយងាយ។
បុគ្គលិកពន្លត់អគ្គិភ័យទាំងនេះកំពុងមួកសុវត្ថិភាពដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
មួកសុវត្ថិភាពដែលអភិវឌ្ឍឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Edinburgh នេះ ជួយឱ្យក្រុមពន្លត់អគ្គិភ័យមើលធ្លុះផ្សែង។ ឧបករណ៍កាមេរ៉ា រ៉ាដា និងអង្គញាណដែលបំពាក់លើមួកនេះ មានតួនាទីប្រមូលទិន្នន័យ។
«អ្នកមើលឃើញហើយនេះ មានអង្គញាណសំខាន់ចំនួន ២ នៅទីនេះ» Chris Xiaoxuan Lu សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Edinburgh បង្ហាញមួកពិសេស។ «មួយគឺកាមេរ៉ាស្កែនកម្ដៅ ជាអង្គញាណពិសេសអាចមើលធ្លុះផ្សែង ហើយពួកវាធ្វើការក្នុងប្រវែងរលក (wavelength) ខុសៗគ្នា។ AI បកស្រាយបង្ហាញអំពីទិន្នន័យដល់អ្នកប្រើប្រាស់មួកភ្លាមៗ។
ប្រការខាងលើនេះជួយឱ្យបុគ្គលិកពន្លត់អគ្គិភ័យរកឃើញជនរងគ្រោះ ស្គាល់បុគ្គលិករួមក្រុម និងកំណត់ទីតាំងរបស់ខ្លួននៅកន្លែងកើតហេតុបានដោយងាយ។
មួកនេះមិនត្រឹមតែផ្ដល់លទ្ធផលព្យាករដល់បុគ្គលិកពន្លត់អគ្គិភ័យ «ជួរមុខ» នោះទេ តែក៏បញ្ជូនទិន្នន័យនេះទៅកាន់ក្រុមមេបញ្ជាការនៅខាងក្រៅផងដែរ។ ក្រោយមក មេបញ្ជាការអាចប្រើប្រាស់ទិន្នន័យទាំងនេះដើម្បីណែនាំសហការប្រកបដោយប្រសិទ្ធភាពសម្រាប់បុគ្គលិកពន្លត់អគ្គិភ័យនៅខាងក្នុង។
ការពិសោធនេះមានការចូលរួមពីក្រុមពន្លត់អគ្គិភ័យមកពីនាយកដ្ឋានសង្គ្រោះ និងពន្លត់អគ្គិភ័យស្កុតឡេន។ Glynn Macaffer មេបញ្ជាការម្នាក់មកពី នាយកដ្ឋានសង្គ្រោះ និងពន្លត់អគ្គិភ័យស្កុតឡេន និយាយថា «វាមិនប៉ះពាល់ដល់សកម្មភាព។ ឧបករណ៍នៅលើមួកសុវត្ថិភាពនេះស្រាលខ្លាំងណាស់បើធៀបនឹងប្រភេទមួកដែលយើងកំពុងប្រើប្រាស់»៕