ថ្មីៗនេះ ថ្នាលបច្ចេកវិទ្យា Bitqik បានចាប់ផ្ដើមដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលជួញដូរប្រាក់ឌីជីថលដំបូងនៅ ប្រទេសឡាវ។
ប្រាក់ឌីជីថលគឺជាវិស័យមួយដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រទេសនានា និងអ្នកវិនិយោគក្នុងមួយរយៈពេលចុងក្រោយនេះ។ ប៉ុន្តែ ប្រទេសឡាវ មិនទាន់មានថ្នាលជួញដូរប្រាក់ឌីជីថលផ្ទាល់ខ្លួន ធ្វើឱ្យអ្នកវិនិយោគក្នុងវិស័យប្រាក់ឌីជីថលជួបការលំបាក នៅពេលត្រូវប្រើប្រាស់ថ្នាលបច្ចេកវិទ្យារបស់បរទេស។ Simeuang Group បានឆ្លៀតយកឱកាសនេះ អភិវឌ្ឍថ្នាល Bitqik ដើម្បីជួយដល់សកម្មភាពទិញដូរប្រាក់ឌីជីថលនៅ ប្រទេសឡាវ។
Bitqik គឺជាថ្នាលបច្ចេកវិទ្យាសម្រាប់ការទិញដូរប្រាក់ឌីជីថលតាមអនឡាញដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់ និងចុះបញ្ជីពាណិជ្ជកម្មពី ធនាគារជាតិរបស់ ឡាវ។ ក្រុមហ៊ុនអភិវឌ្ឍ និងដំណើរការសេវាកម្ម Bitqik គឺ Simeuang Group របស់លោក Ekaphan Phaphithak ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ចម្រុះ (Joint Development Bank-JDB)។
បច្ចុប្បន្ន Bitqik អាចធ្វើការជួញដូរប្រាក់ឌីជីថល ២០ ប្រភេទ រួមមាន BTC, ETH, USDT, BNB, ADA, XRP, BUSD, SOL, DOGE, DOT, TRX, DAI, AVAX, SHIB, MATIX, LTC, NEAR, UNI, ETC និង BCH។ ប៉ុន្តែ Bitqik នៅតែត្រូវប្រឈមនឹងបញ្ហាមួយចំនួន ពិសេសគឺស្ថានការណ៍ធ្លាក់ថ្លៃរបស់ប្រាក់ឌីជីថលមួយចំនួនធំ ដោយសារតែ រតនាគារជាតិអាម៉េរិក (Fed) ដំឡើរការប្រាក់ ខណៈដែលប្រាក់ឌីជីថលភាគច្រើនកំពុងស្ថិតក្នុងដំណាក់កាលបង្ហាញអំពីតម្លៃរបស់ខ្លួន។
ដូច្នេះ Bitqik ត្រូវតែអភិវឌ្ឍប្រព័ន្ធអតិថិជន អភិវឌ្ឍប្រព័ន្ធទីផ្សារប្រកបដោយសមកាលកម្ម និងទូលំទូលាយ។ល។ បើសិនចង់អភិវឌ្ឍខ្លួនទៅជាថ្នាលជួញដូរប្រាក់ឌីជីថលលំដាប់កំពូលនៅ ប្រទេសឡាវ នាពេលខាងមុខ៕