ម៉ាឡេស៊ី ទើបតែបានក្លាយជាប្រទេសទី ៩ ដែលបានអនុម័តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដោយរំពឹងថា នឹងជួយជំរុញសកម្មភាពពាណិជ្ជកម្មនាពេលខាងមុខ។
ក្នុងប្រកាសកាលពីថ្ងៃទី ០៥ តុលា រាជរដ្ឋាភិបាលម៉ាឡេស៊ី បានឱ្យដឹងថា បានផ្ដល់សច្ចាប័នជាផ្លូវការសម្រាប់កិច្ចព្រមព្រៀង CPTPP ដែលប្រទេសនេះជឿថា នឹងជួយជំរុញវិស័យពាណិជ្ជកម្ម និងអាចចូលទៅដល់ទីផ្សារជាច្រើនទៀតមានដូចជា កាណាដា ម៉ិកស៊ិក និង ប៉េរូ ជាដើម ដែល ម៉ាឡេស៊ី មិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។
ក្រៅពីនេះ CPTPP ក៏នឹងនាំមកនូវប្រភពវត្ថុធាតុដើមសម្បូរបែប គុណភាពខ្ពស់ ជាមួយនឹងតម្លៃទាប ទន្ទឹមនឹងការជួយឱ្យ ម៉ាឡេស៊ី ក្លាយជាទីទាក់ទាញការវិនិយោគផងដែរ។
យោងតាម Kikkei Asia រដ្ឋាភិបាលម៉ាឡេស៊ី កាលពីថ្ងៃទី ៣០ កញ្ញា បានបញ្ជូនឯកសារផ្ដល់សច្ចាប័ន CPTPP ទៅកាន់ នូវែលសេឡង់ ដែលជាប្រទេសកំពុងកាន់តួនាទីជាអ្នករក្សាទុកឯកសារផ្ដល់សច្ចាប័នរបស់កិច្ចព្រមព្រៀងនេះ។
តាមរយៈសកម្មភាពខាងលើ ម៉ាឡេស៊ី បានក្លាយជាប្រទេសថ្មីបំផុតដែលបានអនុម័តលើកិច្ចព្រមព្រៀង CPTPP បន្ទាប់ពី អូស្ត្រាលី កាណាដា ជប៉ុន ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និង វៀតណាម៕