ប្រធានាធិបតីអាម៉េរិក លោក បៃដិន កាលពីថ្ងៃទី ០៥ តុលា បានប្រកាសថា ខែក្រោយនេះនឹងបញ្ចេញប្រេងបន្ថែមទៀតទៅក្នុងទីផ្សារ ដើម្បីទប់ស្កាត់ការឡើងថ្លៃត្រលប់មកវិញរបស់ «មាសខ្មៅ» នេះ។
ប៉ុន្មានម៉ោងក្រោយពី អង្គការនៃក្រុមប្រទេសអ្នកនាំចេញប្រេង និងដៃគូសហការ (OPEC+) បានប្រកាសអំពីការកាត់បន្ថយការផលិតប្រេងឆៅ ២ លានធុងជារៀងរាល់ថ្ងៃ ចាប់ពីខែវិច្ឆិកា ប្រធានាធិបតីអាម៉េរិក ក៏បានប្រកាសថា ខែវិច្ឆិកាប្រទេសនេះនឹងបញ្ចេញប្រេង ១០ លានធុងពីឃ្លាំងយុទ្ធសាស្ត្រ ទៅក្នុងទីផ្សារ។
ការកាត់បន្ថយបរិមាណប្រេងរបស់ OPEC+ នឹងជួយស្ដារចំណែកទីផ្សារប្រេងរបស់ក្រុមប្រទេសផលិតប្រេងលំដាប់កំពូលដូចជា អារ៉ាប៊ីសាអូឌីត ឬ រុស្ស៊ី ជាដើម ប៉ុន្តែ វាក៏នឹងបណ្ដាលឱ្យសាំងឡើងថ្លៃត្រលប់មកវិញផងដែរ។
ដូច្នេះ សេតវិមាន កាលពីម្សិលមិញ បានសម្ដែងការមិនពេញចិត្តនឹងការសម្រេចរបស់ OPEC+។ មន្ត្រីរបស់ សហរដ្ឋអាម៉េរិក ប្រកាសថា បណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមនៅលើពិភពលោកនឹងទទួលរងផលប៉ះពាល់ធ្ងន់ជាងគេពីការកាត់បន្ថយបរិមាណប្រេងរបស់ OPEC+។
ប្រកាសរួមរបស់ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan និង ទីប្រឹក្សាសេដ្ឋកិច្ចរបស់ សេតវិមាន Brian Deese បានសរសេរថា «ប្រធានាធិបតីនឹងបន្តណែនាំឱ្យបញ្ចេញប្រេងពីឃ្លាំងដើម្បីការពារអ្នកប្រើប្រាស់នៅ សហរដ្ឋអាម៉េរិក និងលើកកម្ពស់សន្តិសុខថាមពល»។ ក្រុមមន្ត្រីអាម៉េរិក និយាយថា រដ្ឋមន្ត្រីថាមពល ក៏ត្រូវបានណែនាំឱ្យធ្វើការសិក្សាបន្ថែមលើលទ្ធភាពក្នុងការបន្តបង្កើនការផលិតប្រេងក្នុងស្រុកសម្រាប់រយៈពេលមធ្យមផងដែរ»៕