ប្រទេសអង់គ្លេស មានបំណងជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតងជាមួយបណ្ដាប្រទេសនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ មានដូចជា ឥណ្ឌូណេស៊ី កម្ពុជា ហ្វ៊ីលីពីន វៀតណាម និងប្រទេសមួយចំនួនទៀត។
ខាងលើនេះគឺជាការអះអាងរបស់ រដ្ឋមន្ត្រីការបរទេសអង់គ្លេស James Cleverly នៅពេលធ្វើទស្សនកិច្ចមកកាន់ អាស៊ី ក្នុងនោះមាន ជប៉ុន កូរ៉េខាងត្បូង និង សិង្ហបុរី ជាដើម។ល។
ការបង្កើនលទ្ធភាពប្រើប្រាស់ហិរញ្ញវត្ថុ ជំនួយសម្រាប់បណ្ដាគម្រោងហេដ្ឋារចនាសម្ព័ន្ធនិរន្តរភាព មានដូចជា ថាមពលកកើតឡើងវិញ ចរាចរណ៍ស្អាត ឬហេដ្ឋារចនាសម្ព័ន្ធទីក្រុងនៅក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន គឺជាអាទិភាពរបស់ រាជរដ្ឋាភិបាលអង់គ្លេស ដើម្បីធ្វើឱ្យទំនាក់ទំនងរវាង អង់គ្លេស និង អាស៊ាន កាន់តែស៊ីជម្រៅ។
កន្លងទៅថ្មីៗនេះ អង់គ្លេស និង ធនាគារអភិវឌ្ឍអាស៊ី ក៏បានចុះអនុស្សារណៈនៃការយោគយល់ជាមួយគ្នា ទាក់ទងនឹងការបង្កើតមូលនិធិមួយដែលមានតម្លៃ ១០៧ លានផោន (ប្រហែល ១៣៤ លានដុល្លារអាម៉េរិក) សម្រាប់ជួយដល់ការប្រឹងប្រែងរបស់ អាស៊ាន ក្នុងការពង្រីកទំហំហិរញ្ញវត្ថុបៃតង និងងាកទៅរកការអភិវឌ្ឍដែលបំភាយឧស្ម័នតិច អាចទប់នឹងនឹងអាកាសធាតុផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចខាងលើ លោក James Cleverly ក៏បានបញ្ជាក់ថា «រដ្ឋាភិបាលអង់គ្លេស មានបំណងចំណាយ ៥៤២.៣ លានដុល្លារ តាមរយៈមូលនិធិវិនិយោគអភិវឌ្ឍអង់គ្លេស សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ក្នុងរយៈពេល ៥ ឆ្នាំទៀត។ យើងនឹងសហការជាមួយដៃគូរដ្ឋ និងឯកជនក្នុងតំបន់ ដើម្បីជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងគុណភាពខ្ពស់នៅ ឥណ្ឌូណេស៊ី វៀតណាម ហ្វ៊ីលីពីន កម្ពុជា និង ឡាវ»៕