លោកអភិបាលក្រុងកែប កាលពីរសៀលថ្ងៃទី ០៤ តុលា បានដឹកនាំគណៈបញ្ជាការឯកភាពក្រុងកែប ចុះវាស់វែង និងរៀបចំសំណង់នានា ដែលអាជីវករបានសង់រំលោភលើផ្លូវសាធារណៈ និងកំណត់ឱ្យរុះរើឱ្យបានមុនថ្ងៃទី ១៥ ខែតុលាខាងមុខ។
ការកំណត់ខាងលើរបស់អាជ្ញាធរក្រុងកែប ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយជាមួយប្រជាពលរដ្ឋ ស្ដីអំពីបញ្ហា និងដំណោះស្រាយ ជុំវិញភាពរញ៉េរញ៉ៃនៅតាមបណ្តោយឆ្នេរកែប។
ដូចដែលបានព្រមព្រៀងគ្នាជាមួយបងប្អូនអាជីវករក្នុងការប្រជុំនៅ សាលាក្រុងកែប អាជ្ញាធរមិនអនុញ្ញាតឱ្យ មានការលក់ដូរនៅថ្ងៃច័ន្ទ ដល់ សុក្រ ដោយអនុញ្ញាតឱ្យលក់ដូរតែនៅពេលមានបុណ្យទាន ចំណែកថ្ងៃសៅរ៍ និងអាទិត្យ មិនទាន់មានការសម្រេចយ៉ាងណានៅឡើយ នេះបើតាមលោក ខេង យ័ន អភិបាលក្រុងកែប។ លោកអភិបាលបានបន្ថែមថា អាជ្ញាធរទុកពេលឱ្យម្ចាស់សំណង់ខុសច្បាប់ រុះរើដោយខ្លួនឯងឱ្យបានមុនថ្ងៃទី ១៥ តុលាខាងមុខ មុនពេលអាជ្ញាធរចាត់វិធានការ។
លោក ខេង យ័ន បានបញ្ជាក់ថា វិធានការនេះគឺដើម្បីស្ដារសណ្តាប់ធ្នាប់ សោភ័ណភាព នៅតំបន់ឆ្នេរកែប និងស្នើឱ្យប្រជាពលរដ្ឋ អាជីវករយោគយល់ និងសហការក្នុងការដោះស្រាយបញ្ហានេះ៕