ក្រុមហ៊ុន CATL មានគម្រោងសាងសង់រោងចក្រផលិតថ្មផ្ទុកអគ្គិសនីថ្មីនៅទីក្រុង Luoyang នៃខេត្ត Henan ប្រទេសចិន ដើម្បីត្រៀមទទួលយក «យុគសម័យ TWh (terawatt hour/តេរ៉ាវ៉ាត់ម៉ោង) ដែលនឹងមកដល់នាប៉ុន្មានឆ្នាំខាងមុខ។
គម្រោងរបស់ CATL (Contemporary Amperex Technology) ដែលនឹងមានទុនវិនិយោគឡើងដល់ ១.៩ ពាន់លានដុល្លារអាម៉េរិកនេះ ធ្វើឡើងក្នុងបំណងជំរុញការអភិវឌ្ឍពាណិជ្ជកម្ម និងការផ្គត់ផ្គង់តាមតម្រូវការទីផ្សារយានយន្តអគ្គិសនី ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។
រោងចក្រនេះគ្រោងនឹងសាងសង់រួចរាល់ដោយប្រើពេល ៣៦ ខែ រាប់ចាប់ពីថ្ងៃបើកការដ្ឋាន។ គម្រោងនេះ គ្រោងនឹងអនុវត្តនៅលើផ្ទៃដីប្រមាណ ១១២ ហិកតា នៅក្នុងទីក្រុង Luoyang នៃខេត្ត Henan ប្រទេសចិន។
យោងតាមព័ត៌មានដែលត្រូវបានប្រកាសនៅលើគេហទំព័រក្រុមហ៊ុន បច្ចុប្បន្ន CATL មានរោងចក្រផលិតថ្មផ្ទុកអគ្គិសនីសរុបចំនួន ១០ កន្លែង នៅពាសពេញពិភពលោក។
ក្រុមហ៊ុនចិន CATL នេះ គឺជាអ្នកផលិតថ្មផ្ទុកអគ្គិសនីធំជាងគេបង្អស់នៅ ប្រទេសចិន ក្នុងនោះមាន ១២.៩៩ GWh ត្រូវបានដំឡើងក្នុងខែសីហា ២០២២ និងកំពុងកាន់កាប់ចំណែកទីផ្សារ ៤៦.៧៩%។ យោងតាម SNE Research ក្រុមហ៊ុន CATL ក៏នាំមុខគេក្នុងទីផ្សារថ្មផ្ទុកថាមពលអគ្គិសនីទូទាំងពិភពលោក ដោយកាន់កាប់ចំណែកទីផ្សារ ៣៣.៥% ក្នុងខែកក្កដា ២០២២៕