ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាថ្មីមួយរបស់ Nissan Motor, Groupe Renault និង Mitsubishi Motor នឹងបង្ហាញវត្តមានក្នុងទីផ្សាររថយន្តអគ្គិសនីនាពេលឆាប់ៗខាងមុខ។
ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan Motor លោក Makoto Uchida បានឱ្យដឹងថា នឹងពិនិត្យលទ្ធភាពក្នុងការចូលរួមបង្កើតក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាមួយនឹង Renault ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ បារាំង។
ក្រុមហ៊ុន Renault ប្រកាសថា នឹងកែប្រែផ្នែកផលិតរថយន្តអគ្គិសនី (EV) របស់ខ្លួនទៅជាក្រុមហ៊ុនមួយដាច់ដោយឡែក។ ក្រុមហ៊ុនផលិតរថយន្តរបស់ បារាំង មួយនេះ មានគម្រោងដាក់ក្រុមហ៊ុនថ្មីឡើងផ្សារហ៊ុននៅក្នុងឆ្នាំក្រោយ។
Renault បានស្នើឱ្យដៃគូសហការរបស់ខ្លួនគឺ Nissan និង Mitsubishi Motor ចូលរួមបង្កើតក្រុមហ៊ុនថ្មីជាមួយគ្នា និងបានពិភាក្សាអំពីការវិនិយោគរួម។ កាលពីដើមឆ្នាំ ២០២២ ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នានេះបានប្រកាសថា នឹងបញ្ចេញរថយន្តអគ្គិសនីចំនួន ៣៥ ម៉ូដែលនៅឆ្នាំ ២០៣០។
Nissan ធ្វើសកម្មភាពភាគច្រើននៅក្នុងទីផ្សារ សហរដ្ឋអាម៉េរិក ជប៉ុន និង ចិនដីគោក។ ដូច្នេះ ក្រុមហ៊ុននេះត្រូវប្រឈមនឹងកម្រិតនៃភាពបន្ទាន់ខុសៗគ្នាក្នុងការឆ្លើយតបនឹងតម្រូវការរថយន្តអគ្គិសនី។ ក្រៅពីនេះ ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាថ្មីរបស់ Nissan, Renault និង Mitsubishi ក៏ត្រូវបានស្នើឱ្យដាក់ការិយាល័យកណ្ដាលនៅ ប្រទេសបារាំង ដែលនេះមានន័យថា សកម្មភាពចម្បងរបស់ពួកគេ នឹងផ្ដោតទៅលើទីផ្សារអឺរ៉ុប៕