ទិវាបញ្ញាសិប្បនិម្មិតវៀតណាម ២០២២ (AI Summit Vietnam 2022) ត្រូវបានបើកនៅព្រឹកថ្ងៃទី ២៣ កញ្ញានេះ ដោយមានការចុះឈ្មោះចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិរាប់ពាន់នាក់។
ពិធីសំខាន់ដំបូងរបស់ ទិវាបញ្ញាសិប្បនិម្មិតវៀតណាម ២០២២ គឺ AI4VN 2022 ត្រូវបានបើកនៅវេលាម៉ោង ៨ កន្លះ ថ្ងៃនេះ។
ក្រោមប្រធានបទ «ស្ដារសេដ្ឋកិច្ច កំណត់អនាគត» ខ្លឹមសារសំខាន់ៗជាច្រើននឹងត្រូវបានលើកយកមកជជែក ក្នុងនោះមានដូចជា ការបង្កើតចលករអភិវឌ្ឍ និងទិសដៅចាប់យកសមស្របសម្រាប់ វៀតណាម, ការអភិវឌ្ឍបណ្ដាញបញ្ញាសិប្បនិម្មិត, ការប្រើប្រាស់ និងលើកកម្ពស់ជីវភាពរស់នៅ និងដំណោះស្រាយសម្រាប់ជួយសហគ្រាសនានារីកចម្រើនរហ័សដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ល។
កម្មវិធីនេះក៏ទទួលបានចំណាប់អារម្មណ៍ពីថ្នាក់ដឹកនាំរដ្ឋាភិបាល ស្ថាប័នរដ្ឋ ក្រុមហ៊ុនធំៗ អ្នកវិទ្យាសាស្ត្រ និងពិសេសគឺសហគមន៍អ្នកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
វេទិកានេះត្រូវបានរំពឹងថា ជាកន្លែងសម្រាប់ចែករំលែក និងទទួលបទពិសោធន៍តាមរយៈរឿងរ៉ាវពិត និងសំណើដំណោះស្រាយដែលរួមចំណែកបង្កើតបានជាចលករសម្រាប់ការអភិវឌ្ឍបណ្ដាញ AI នៅ វៀតណាម។ នេះក៏ជាឱកាសជួយឱ្យសហគមន៍ក្នុងវិស័យ AI ក៏ដូចជាសហគមន៍អ្នកបច្ចេកវិទ្យា បានយល់បន្ថែមថា តើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបានផ្លាស់ប្ដូរជីវភាពរស់នៅរបស់មនុស្សបែបណាខ្លះ។ល។
រសៀលថ្ងៃដដែល ព្រឹត្តិការណ៍ខាងលើក៏នឹងមានពិធីផ្ដល់កិត្តិយសដល់បណ្ដាផលិតផល ដែលជាដំណោះស្រាយឆ្នើមដោយការប្រើប្រាស់ AI និងការផ្ដល់ពានរង្វាន់សម្រាប់ផលិតផលបញ្ញាសិប្បនិម្មិត ២០២២ (AI Awards 2022)។
ក្នុងរយៈពេល ២ ថ្ងៃពេញនៃព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័រណ៍ AI ដោយមានការចូលរួមពីក្រុមហ៊ុន វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យជាង ២០ ស្ថាប័នផងដែរ៕