យោងតាមរបាយការណ៍ថ្មី នារីដែលជាមហាសេដ្ឋីវ័យក្មេងបំផុតក្នុងពិភពលោករូបនេះ កើនឆ្នាំ ២០០៤ ពោលគឺឆ្នាំនេះនាងមានអាយុទើបតែ ១៨ ឆ្នាំប៉ុណ្ណោះ។
Kim Jung-youn កូនស្រីរបស់អតីតមហាសេដ្ឋី Kim Jung-ju ស្ថាបនិករបស់ Nexon (ក្រុមហ៊ុនហ្គេមអេឡិចត្រូនិចអនឡាញលើកុំព្យូទ័រ និងទូរស័ព្ទ) ដែលបានទទួលមរណភាពកាលពីខែកុម្ភៈ ២០២២ បានក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតក្នុងពិភពលោក បន្ទាប់ពីបានស្នងមរតកជាភាគហ៊ុននៅ Nexon នេះបើតាម Forbes។
Jung-youn និងបងស្រីរបស់នាង គឺ Jung-min បានទទួលមរតកជាភាគហ៊ុនក្នុងម្នាក់ ៣០.៧៨% នៅក្នុងក្រុមហ៊ុន NXC ដែលជាក្រុមហ៊ុនផ្ទាល់ខ្លួនរបស់សពលោក Kim Jung-ju ដែលជាឪពុករបស់ពួកនាង។
NXC គឺជាភាគហ៊ុនិកធំជាងគេនៅ Nexon ដោយកាន់កាប់ភាគហ៊ុនជិត ៤៨% នៅក្នុងក្រុមហ៊ុននេះ។ បន្ទាប់ពីបូករួមទាំងភាគហ៊ុនដែល Jung-youn និង Jung-min មាននៅក្នុង NXC ទ្រព្យសុទ្ធសរុបដែលពួកនាងកំពុងមានបានកើនដល់ ២.៥ ពាន់លានដុល្លារអាម៉េរិក។
យោងតាមទស្សនាវដ្ដី Forbes ក្រោយពីបានដកការចំណាយទៅលើពន្ធលើសិទ្ធិស្នងមរតកដែលត្រូវបានគណនាដោយក្រុមអ្នកជំនាញ នាង Kim Jung-youn នៅសល់ទ្រព្យសុទ្ធតម្លៃជាង ១.៥ ពាន់លានដុល្លារអាម៉េរិក ខណៈដែលនាង Kim Jung-min នៅសល់ ១ ពាន់លានដុល្លារ។ ចំណែកភរិយារបស់សពលោក Kim Jung-ju គឺមហាសេដ្ឋិនី Yoo Jung-hyun អាយុ ៥៣ ឆ្នាំ ទទួលបានភាគហ៊ុនជាមរតកពីស្វាមីនៅ NXC ចំនួន ៤.៥%។
កូរ៉េខាងត្បូង គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលយកពន្ធលើទ្រព្យជាមរតកខ្ពស់ជាងគេក្នុងពិភពលោក៕