គម្រោងផលិតអគ្គិសនីថាមពលខ្យល់នៅក្នុងតំបន់ Lako ស្រុក Xepon ខេត្ត Savannakhet នេះ ត្រូវបានអនុវត្តដោយ រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនថាមពលកកើតឡើងវិញ Savan Vayu សហការជាមួយក្រុមហ៊ុន LMT ឡាវ។
តំបន់ដែលត្រូវសិក្សាសម្រាប់គម្រោងខាងលើ មានផ្ទៃក្រឡា ២៨,៥១៣ ហិកតា ជាមួយនឹងកម្លាំងដំឡើង ១,២០០ មេហ្គាវ៉ាត់ និងចំណាយថវិកាប្រមាណ ២.១៦ ពាន់លានដុល្លារអាម៉េរិក។ គ្រោងនេះគ្រោងនឹងស្ថាបនារួចរាល់ និងចាប់ផ្ដើមដំណើរការនៅចុងឆ្នាំ ២០២៥ ដើម្បីផ្គត់ផ្គង់អគ្គិសនីក្នុងស្រុក ក៏ដូចជាការនាំចេញទៅប្រទេសជិតខាង។
ក្រុមអ្នកអភិវឌ្ឍគម្រោង បានចាប់ផ្ដើមសិក្សាបឋមអំពីគម្រោងអគ្គិសនីដើរដោយកម្លាំងខ្យល់នេះចាប់ពីពាក់កណ្ដាលឆ្នាំ ២០២១ និងបានរកឃើញថា គម្រោងនេះពិតជាមានសក្ដានុពល។ ដូច្នេះ ពួកគេក៏បានដាក់សំណើទៅកាន់ រដ្ឋាភិបាលឡាវ។ ក្រោយការពិនិត្យ ពិភាក្សា និងពិចារណា រដ្ឋាភិបាលឡាវ ក៏បានយល់ព្រម និងអនុម័តលើសំណើសិក្សាលទ្ធភាពអភិវឌ្ឍគម្រោងអគ្គិសនីដើរដោយកម្លាំងខ្យល់ធំបំផុតនៅ ប្រទេសនេះ។
កាលពីថ្ងៃទី ០៩ កញ្ញាកន្លងទៅ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ Sthabandith Insisienmay និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនថាមពលកកើតឡើងវិញ Savan Vayu លោក Sengsack Xayyarath បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្ដីពីការសិក្សាលទ្ធភាព (FS) នៃការអភិវឌ្ឍគម្រោងអគ្គិសនីដើរដោយកម្លាំងខ្យល់ខាងលើ ក្រោមអធិបតីភាពរបស់ អនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែឡាវ Sinava Souphanouvong, តំណាងក្រុមហ៊ុន LMT ឡាវ រួមនឹងដៃគូសហការដែលពាក់ព័ន្ធផ្សេងទៀត៕