ក្រុមហ៊ុនប្រេងឥន្ធនៈ Shell របស់អង់គ្លេសសាខានៅ ឥណ្ឌា កំពុងដំណើរការឧបករណ៍ចាក់សាំងចំនួន ៣២៧ គ្រឿង ក្នុងចំណោម ៨៣,៨៨៨ គ្រឿងនៅប្រទេសនេះ។ ក្រុមហ៊ុននេះបានបង្ហាញប្រព័ន្ធបញ្ចូលថាមពលអគ្គិសនីដំបូងរបស់ខ្លួននៅ ប្រទេសឥណ្ឌា សម្រាប់រថយន្តអគ្គិសនី និងម៉ូតូអគ្គិសនីក្នុងទីក្រុង Bengaluru កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
ក្នុងប្រកាសរបស់ខ្លួន Shell បានឱ្យដឹងថា «ឥណ្ឌា គឺជាទីផ្សារដំបូងដែល Shell បញ្ចេញប្រព័ន្ធបញ្ចូលថាមពលសម្រាប់ម៉ូតូអគ្គិសនី។ ក្រុមហ៊ុនមានគម្រោងដំឡើងស្ថានីយបញ្ចូលថាមពលជាង ១០,០០០ កន្លែងនៅពាសពេញទឹកដីឥណ្ឌា គិតត្រឹមឆ្នាំ ២០៣០»។
Shell សហការជាមួយក្រុមហ៊ុនប្រេងរបស់ ឥណ្ឌា IOC និង Reliance-BP នៅក្នុងការសាងសង់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ដើម្បីបង្កើនចំនួនអតិថិជនប្រើប្រាស់រថយន្តអគ្គិសនី និងម៉ូតូអគ្គិសនីនៅប្រទេសឥណ្ឌា។ Shell អះអាងថា ១០០% នៃថាមពលដែលប្រើប្រាស់សម្រាប់ស្ថានីយបញ្ចូលអគ្គិសនីគឺជាថាមពលស្អាត។
ក្នុងដំណាក់កាលដំបូងនៃគម្រោងខាងលើ Shell នឹងដំឡើងស្ថានីយបញ្ចូលអគ្គិសនីនៅ Yeshwantpur, Marathalli, Old Madras Road, Brookefield និង Kanakpura។ ក្រៅពីនេះ Shell ក៏គ្រោងនឹងដំឡើងឧបករណ៍បញ្ចូលអគ្គិសនីនៅក្នុងស្ថានីយប្រេងសាំងរបស់ដៃគូនៅក្នុងរដ្ឋជាច្រើននៅ ឥណ្ឌា ផងដែរ៕