របាយការណ៍របស់ OPEC បានបង្ហាញថា តម្រូវការនៃការប្រើប្រាស់ប្រេងសាំងរបស់ពិភពលោកនឹងកើនឡើងបន្ថែម ៣.១ លានធុង/ថ្ងៃ សម្រាប់ឆ្នាំ ២០២២ និង ២.៧ លានធុង/ថ្ងៃ សម្រាប់ឆ្នាំ ២០២៣។
ក្នុងរបាយការណ៍ប្រចាំខែដែលត្រូវបានប្រកាសកាលពីថ្ងៃទី ១៣ កញ្ញា អង្គការនៃបណ្ដាប្រទេសនាំចេញប្រេងរ៉ែ (OPEC) គេបានឃើញថា អង្គការនេះនៅតែរក្សាការព្យាករដដៃស្ដីពីកំណើននៃតម្រូវការប្រេងរ៉ែរបស់ពិភពលោក នៅក្នុងឆ្នាំ ២០២២ និង ២០២៣ ដោយបានលើកមូលហេតុស្ដីពីសញ្ញានានាបង្ហាញថា សេដ្ឋកិច្ចធំៗកំពុងដំណើរការល្អជាងការគ្រងទុក បើទោះជាមានវិបត្តិអតិផរណាជាដើមកំពុងកើតឡើង។
របាយការណ៍របស់ OPEC បានបង្ហាញថា តម្រូវការនៃការប្រើប្រាស់ប្រេងសាំងរបស់ពិភពលោកនឹងកើន ៣.១ លានធុង/ថ្ងៃ សម្រាប់ឆ្នាំ ២០២២ និង ២.៧ លានធុង/ថ្ងៃ សម្រាប់ឆ្នាំ ២០២៣។ របាយការណ៍នេះមិនមានការប្រែប្រួលធៀបនឹងការព្យាករដែលត្រូវបានលើកឡើងកាលពីខែកន្លង។ OPEC ព្យាករថា ការប្រើប្រាស់ប្រេងរ៉ែសរុបនៅទូទាំងសកលលោកក្នុងឆ្នាំនេះ និងឆ្នាំក្រោយនឹងមានមធ្យមភាគជាបន្តបន្ទាប់គឺ ១០០ លានធុង/ថ្ងៃ និង ១០២.៧៣ លានធុង/ថ្ងៃ។
យោងតាម OPEC តម្រូវការប្រើប្រាស់ប្រេងរ៉ែក្នុងឆ្នាំ ២០២៣ គ្រោងនឹងត្រូវបានគាំទ្រដោយស្ថានភាពសេដ្ឋកិច្ចរឹងមាំនៅតាមបណ្ដាប្រទេសប្រើប្រាស់ប្រេងធំៗ និងកត្តាសំខាន់ៗមួយចំនួនផ្សេងទៀតដូចជា ការបន្ធូរបន្ថយវិធានការបង្ការកូវីដ-១៩ និងស្ថានករណ៍តានតឹងនៃអស្ថិរភាពផ្នែកភូមិសាស្ត្រនយោបាយត្រូវបានកាត់បន្ថយ។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់ OPEC ក៏យល់ថា ការរំពឹងអំពីកំណើននៃការប្រើប្រាស់ប្រេងសាំងរបស់ពិភពលោក នៅតែប្រឈមនឹងហានិភ័យមួយចំនួន រួមមាន ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ផលប៉ះពាល់របស់កូវីដ-១៩ បញ្ហាប្រភពផ្គត់ផ្គង់ អតិផរណាកើនឡើង បំណុលរបស់រដ្ឋឡើងខ្ពស់ និងនិន្នាការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុរបស់បណ្ដាធនាគារកណ្ដាលនៅ សហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងអង់គ្លេស ជាដើម៕