Jennifer Gwynne សង្សារកាលពីជំនាន់នៅសិក្សារបស់មហាសេដ្ឋី Elon Musk កំពុងដាក់លក់ដេញថ្លៃវត្ថុអនុស្សាវរីយ៍ដែលនាងបានទទួលពីលោក Musk កាលពីសហសវត្សរ៍មុន។
វត្ថុអនុស្សាវរីយ៍ទាំងនេះនឹងត្រូវបានលក់តាមរយៈក្រុមហ៊ុនលក់ដេញថ្លៃ RR Auction ដែលមានទីស្នាក់ការនៅ Boston សហរដ្ឋអាម៉េរិក។ យោងតាម RR Auction អ្នកស្រី Gwynne និង Musk ចាប់ផ្ដើមណាត់ជួបគ្នាតាំងពីឆ្នាំ ១៩៩៤ ពេលពួកគេធ្វើជាទីប្រឹក្សាឱ្យអន្តេវាសិកដ្ឋានមួយ។ មិនយូរប៉ុន្មានបន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យា Pennsylvania លោក Musk ក៏ចាប់ផ្ដើមចូលសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Stanford ប៉ុន្តែបានបោះបង់ការសិក្សានេះដើម្បីបង្កើត Zip2 ដែលជាក្រុមហ៊ុនដំបូងរបស់គាត់។
វត្ថុអនុស្សាវរីយ៍ដែលត្រូវបានដាក់លក់ដេញថ្លៃរួមមាន រូបថតកាលពីវ័យក្មេងចំនួន ១៨ សន្លឹករបស់លោក Musk ពេលសិក្សានៅសាកលវិទ្យាល័យ Pennsylvania រួមនឹងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតដែលបង្ហាញអំពីភាពស្និទ្ធស្នាលរវាង Musk និង Gwynne។
រូបថតខាងលើបង្ហាញថា ជីវិតកាលពីនៅរៀនរបស់ Musk មានភាពសាមញ្ញ មុនពេលបានទទួលជោគជ័យ ៖ ជប់លៀងក្នុងបន្ទប់នៅអន្តេវាសិកដ្ឋាន ដើរលេងជាមួយមិត្តភក្ដិ ឬស្និទ្ធនឹងសង្សារ។
វត្ថុអនុស្សាវរីយ៍ដែលមានតម្លៃខ្ពស់ជាងគេនាបច្ចុប្បន្នគឺ បំបុត្រជូនពរថ្ងៃកំណើតដែលមានហត្ថលេខារបស់លោក Musk បន្ទាប់មកគឺកងកដែល Musk បានជូនក្នុងថ្ងៃកំណើតរបស់ Gwynne។
គិតមកដល់ពេលនេះ សំបុត្រជូនពរត្រូវបានគេឱ្យថ្លៃ ៧,០០០ ដុល្លារ ប៉ុន្តែ RR Auction ជឿថា វាអាចត្រូវបានលក់ក្នុងតម្លៃ ១០,០០០ ដុល្លារ។
កងកមាសដែល Musk បានជូន Gwynne ធ្វើពីមាស មានដាំត្បូង ១ គ្រាប់ដែលរុករកបានពីអណ្ដូងរ៉ែ នៅ សំប៊ី និងធ្លាប់ជាកម្មសិទ្ធិរបស់លោក Errol ឪពុករបស់លោក Musk ដែលជាវិស្វករ និងជាអ្នកអភិវឌ្ឍអចលនទ្រព្យ ដែលមានទ្រព្យច្រើនមួយនៅ អាហ្វ្រិកខាងត្បូង។
ក្រុមអ្នកចូលចិត្តមហាសេដ្ឋី Elon Musk អាចចូលរួមការដេញថ្លៃដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី ១៤ កញ្ញា ២០២២ ខាងមុខ៕