អារ៉ាប៊ីសាអូឌីត បានទម្លាក់តម្លៃប្រេងដែលលក់ទៅឱ្យអតិថិជននៅ ទ្វីបអាស៊ី ដោយសារតែវិធានការទប់ស្កាត់កូវីដ-១៩ និងការថមថយកម្លាំងរបស់សេដ្ឋកិច្ច។
វិធានការបិទខ្ទប់ដើម្បីប្រឆាំងនឹងកូវីដ-១៩ នៅ ប្រទេសចិន បានបណ្ដាលឱ្យការបង្ការហានិភ័យកើនឡើងខ្ពស់នៅក្នុងទីផ្សារប្រេង។ ទន្ទឹមនឹងនេះ ការនៅទ្រឹងនៅក្នុងការជួញដូរចុងក្រោយបង្អស់នេះក៏បានរាំងស្ទះកំណើននៃតម្លៃប្រេង ក្រោយការប្រជុំរបស់ក្រុមប្រទេសនាំចេញប្រេង (OPEC)។
បញ្ចប់ការជួញដូរកាលពីថ្ងៃទី ០៦ កញ្ញា តម្លៃប្រេង Brent នៅលើទីផ្សារក្រុងឡុងដ៍ បានថយចុះ ៣.០៤% មកនៅត្រឹម ៩២.៨៣ ដុល្លារ/ធុង។ តម្លៃប្រេង WTI នៅលើទីផ្សារ ញូវយ៉ក មិនមានការប្រែប្រួលច្រើន ដោយត្រូវបានលក់ក្នុងតម្លៃ ៨៦.៨៨ ដុល្លារ/ធុង។
ថ្មីៗនេះ អារ៉ាប៊ីសាអូឌីត បានទម្លាក់តម្លៃប្រេងដែលលក់ទៅឱ្យអតិថិជននៅ ទ្វីបអាស៊ី ដោយសារតែវិធានការទប់ស្កាត់នឹងកូវីដ-១៩ នៅ ប្រទេសចិន និងការដែលសេដ្ឋកិច្ចថមថយកម្លាំង បានធ្វើឱ្យតម្រូវការថាមពលក្នុងតំបន់ត្រូវថយចុះ។ វិធានការទប់ស្កាត់កូវីដ-១៩ នៅ ប្រទេសចិន ត្រូវបានអនុវត្តក្នុងទ្រង់ទ្រាយធំជាងមុន បណ្ដាលឱ្យអ្នកវិនិយោគជាច្រើនបារម្ភអំពីហានិភ័យកើតមានឱនភាពសេដ្ឋកិច្ចសកល។
កាលពីថ្ងៃទី ០៥ កញ្ញា តម្លៃប្រេង WTI បានកើនឡើងដល់ ៩០ ដុល្លារ/ធុង បន្ទាប់ពីក្រុមប្រទេសនាំចេញប្រេង និងដៃគូសហការ (OPEC+) ក្នុងនោះមាន រុស្ស៊ី ជាដើម បានយល់ព្រមកាត់បន្ថយបរិមាណប្រេងឆៅចំនួន ១ សែនធុងជារៀងរាល់ថ្ងៃ ក្នុងបំណងលើកស្ទួយតម្លៃក្នុងទីផ្សារ៕