គម្រោងរោងចក្រវារីអគ្គិសនីដែលរួមមាន ទំនប់ចំនួន ៥ កន្លែង និងអាចផ្ដល់ថាមពលអគ្គិសនីខ្លាំងជាងគេនៅ អាស៊ីអាគ្នេយ៍ នេះ គ្រោងនឹងត្រូវចំណាយទុន ១៧ ពាន់លានដុល្លារអាម៉េរិក និងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០៣៥។
Kayan Hydro Energy (KHE) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់សាជីវកម្មសាងសង់បណ្ដាញអគ្គិសនីរបស់ប្រទេសចិន (PowerChina) បានចាប់ផ្ដើមការស្ថាបនារោងចក្រវារីអគ្គិសនីកម្លាំង ៩GW នៅលើកោះ Borneo របស់ ប្រទេសឥណ្ឌូណេស៊ី ដើម្បីបម្រើដល់គម្រោងអភិវឌ្ឍវិស័យឧស្សាហកម្មបៃតងនានាក្នុងតំបន់។
បច្ចុប្បន្ន KHE កំពុងសាងសង់ផ្លូវទៅកាន់ទីតាំងរបស់គម្រោងវារីអគ្គិសនី Kayan Cascade ដែលស្ថិតនៅតាមបណ្ដោយទន្លេ Kayan ក្នុងខេត្ត Kalimantan ខាងជើង។
គម្រោងដែលរួមមាន ទំនប់វារីអគ្គិសនីចំនួន ៥ កន្លែង និងអាចផ្ដល់ថាមពលអគ្គិសនីខ្លាំងជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នេះ គ្រោងនឹងត្រូវចំណាយដើមទុន ១៧ ពាន់លានដុល្លារអាម៉េរិក និងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០៣៥។
ទំនប់វារីអគ្គិសនីដំបូងរបស់គម្រោងខាងលើ គឺ Kayan 1 ដែលផ្ដល់ថាមពល ៩០០MW គ្រោងនឹងចាប់ផ្ដើមផ្គត់ផ្គង់អគ្គិសនីនៅឆ្នាំ ២០២៦។ ទំនប់ចុងក្រោយគឺ Kayan 5 ដែលផ្ដល់ថាមពលរហូតដល់ ៣.៣GW គ្រោងនឹងស្ថាបនារួចរាល់នៅក្នុងឆ្នាំ ២០៣៥។
ប្រធាន និងជាអគ្គនាយករបស់ KHE លោក Andrew Suryali បានឱ្យដឹងថា ក្រុមហ៊ុន PowerChina Huadong នឹងទទួលខុសត្រូវក្នុងការគូរប្លង់ ចំណែក SinoHydro នឹងរ៉ាប់រងផ្នែកបច្ចេកទេស ការទិញសម្ភារសំណង់ និងការសាងសង់។
PowerChina Huadong និង SinoHydro គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ PowerChina។ ពួកគេក៏ជាអ្នកចូលរួមក្នុងដំណើរការអនុវត្តគម្រោងស្ថាបនាផ្លូវរថភ្លើងល្បឿនលឿនដំបូងរបស់ ឥណ្ឌូណេស៊ី ដែលតភ្ជាប់ពី រដ្ឋធានីហ្សាការតា ជាមួយនឹង Bandung ដែលជាទីក្រុងរដ្ឋបាលរបស់ខេត្តជ្វាខាងលិចផងដែរ៕