ចាប់ពីម៉ោង ១៥ ថ្ងៃទី ០១ កញ្ញា ផ្លូវល្បឿនលឿន Van Don – Mong Cai ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីការសាងសង់រយៈពេល ២ ឆ្នាំ ជួយឱ្យពេលវេលាធ្វើដំណើរពី Mong Cai ជាប់ ព្រំដែនចិន ទៅកាន់ រដ្ឋធានីហាណូយ ចុះមកនៅត្រឹម ៣ ម៉ោង។
ផ្លូវល្បឿនលឿន Van Don – Mong Cai នេះតម្រូវឱ្យអ្នកប្រើប្រាស់យានយន្តបើកបរក្នុងល្បឿនចាប់ពី ៦០ ទៅ ១២ គីឡូម៉ែត្រ/ម៉ោង ទៅតាមកំណាត់ផ្លូវនីមួយៗដែលអាជ្ញាធរបានកំណត់។
ដើម្បីលើកទឹកចិត្តដល់អ្នកចូលរួមធ្វើចរាចរណ៍ ក្រុមមន្ត្រីក្នុងខេត្ត Quang Ninh បានស្នើឱ្យក្រុមហ៊ុនវិនិយោគ មិនយកថ្លៃរហូតដល់ដំណាច់ខែកញ្ញានេះ។
ផ្លូវល្បឿនលឿន Van Don – Mong Cai បច្ចុប្បន្នត្រូវបានស្ថាបនារួចរាល់ក្នុងប្រវែងជាង ៧៩ គីឡូម៉ែត្រ។ ផ្លូវនេះមានទទឹង ២៥.២៥ ម៉ែត្រ, មាន ៤ គន្លងសម្រាប់រថយន្ត និងអាចឱ្យបើកបរក្នុងល្បឿនឡើងដល់ ១២០ គូឡូម៉ែត្រ/ម៉ោង។
អាជ្ញាធរវៀតណាម រំពឹងថា ផ្លូវល្បឿនលឿន Van Don – Mong Cai នេះ នឹងក្លាយជាចំណែកមួយក្នុងការគាំទ្រដល់វិស័យដឹកជញ្ជូន ទេសចរណ៍ និងការដោះដូរពាណិជ្ជកម្ម រវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹង ប្រទេសចិន និងបណ្ដាប្រទេសនៅភាគឦសាននៃ ទ្វីបអាស៊ី៕