ក្រុមហ៊ុន Tesla នឹងមានទំហំធំជាងទ្វេដង ធៀបនឹងរាល់ក្រុមហ៊ុនផលិតរថយន្តក្នុងប្រវត្តិសាស្ត្រ ដោយកាន់កាប់ ២០% នៃចំណែកទីផ្សារក្នុងពិភពលោក បើសិនលក់រថយន្តអគ្គិសនីបាន ២០ លានគ្រឿងក្នុងឆ្នាំ ២០៣០។
នាយប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc លោក Elon Musk ថ្មី ៗនេះបានកំណត់គោលដៅប្រកបដោយមហិច្ឆតា នោះគឺ លក់រថយន្តអគ្គិសនី (EV) ឱ្យបាន ២០ លានគ្រឿងនៅឆ្នាំ ២០៣០។
នេះក៏ជាប្រការសំខាន់នៅក្នុងការសន្យាជំរុញកំណើនរថយន្ត ក៏ដូចជាការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញរបស់ Tesla នៅចំពោះមុខក្រុមម្ចាស់ភាគហ៊ុន។
បើសិនជាសម្រេចគោលដៅ «លក់រថយន្តអគ្គិសនីឱ្យបាន ២០ លានគ្រឿងនៅឆ្នាំ ២០៣០» ក្រុមហ៊ុន Tesla នឹងមានទំហំធំជាងទ្វេដង ធៀបនឹងរាល់ក្រុមហ៊ុនផលិតរថយន្តក្នុងប្រវត្តិសាស្ត្រ ដោយកាន់កាប់ ២០% នៃចំណែកទីផ្សារក្នុងពិភពលោក។
ក៏ប៉ុន្តែ យោងតាមការវិភាគរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កំណើនទ្វេដងដូច្នេះ នឹងធ្វើឱ្យ Tesla ត្រូវចំណាយប្រាក់ច្រើនមិនធ្លាប់មាន នៅក្នុងការផលិត ពោលគឺឡើងដល់រាប់សែនពាន់លានដុល្លារ។ គោលដៅរបស់ Tesla ក៏នឹងដាក់សម្ពាធទៅលើការផលិតគ្រឿងបន្លាស់ ក្នុងនោះមានទាំងវត្ថុធាតុដើមសម្រាប់ផលិតថ្មផ្ទុកអគ្គិសនី។ល។
ជាងនេះ Tesla ក៏កំពុងតែត្រូវប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីតម្លៃទាបរបស់ ប្រទេសចិន មានដូចជា ក្រុមហ៊ុន Xpeng Inc, Nio Inc និង Li Auto Inc ជាដើម បើទោះបរិមាណរថយន្តដែលបានលក់ចេញរបស់ក្រុមហ៊ុនទាំងនេះនៅទាប ប៉ុន្តែ មានកំណើនយ៉ាងលឿន។
ក្រុមហ៊ុន BYD របស់ ប្រទេសចិន កំពុងលក់រថយន្ត EV និងរថយន្តកូនកាត់ EV តម្លៃទាប ខណៈដែល Ford Motor Co និង Rivian Automotive Inc បានយកឈ្នះលើ Tesla នៅលើទីផ្សារនៃរថយន្តអគ្គិសនីប្រភេទទ្រុង ជាប្រភេទដែលទើបតែចាប់ផ្ដើមមានការពេញនិយមនៅ អាម៉េរិកខាងជើង៕