ផ្លូវដែកនេះ នៅពេលស្ថាបនារួចរាល់នឹងតភ្ជាប់ជាមួយនឹងផ្លូវដែកល្បឿនលឿនចិន-ឡាវ នៅក្នុងបណ្ដាញផ្លូវដែកមួយតភ្ជាប់ពីតំបន់ Kunming ប្រទេសចិន ទៅកាន់ សិង្ហបុរី។
កាលពីថ្ងៃទី ២៨ សីហា អ្នកនាំពាក្យរបស់ រាជរដ្ឋាភិបាលថៃ Traisuree Taisaranakul បានឱ្យដឹងថា ការអនុវត្តគម្រោងផ្លូវដែកល្បឿនលឿនរវាង រាជធានីបាងកក និងទីក្រុង Nong Khai ខេត្ត Nong Khai នៅភាគឦសានប្រទេសនេះ កំពុងដំណើរការទៅតាមការកំណត់។
ដំណាក់កាលទីមួយនៃគម្រោងស្ថាបនាផ្លូវដែកល្បឿនលឿនដែលមានប្រវែង ២៥០ គីឡូម៉ែត្រ ពី បាងកក ទៅកាន់ Nakhon Ratchasima គ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ ២០២៦។
ដំណាក់កាលទីពីររបស់គម្រោងផ្លូវដែកខាងលើ មានប្រវែង ៣៥៧ គីឡូម៉ែត្រ ភ្ជាប់ពី Nakhon Ratchasima ទៅកាន់ Nong Khai បច្ចុប្បន្នកំពុងត្រូវបានវាយតម្លៃអំពីផលប៉ះពាល់ដល់បរិស្ថាន។
អ្នកនាំពាក្យរបស់ រាជរដ្ឋាភិបាលថៃ ក៏បានបង្ហើបឱ្យដឹងថា នាយកដ្ឋានផ្លូវល្បឿនលឿននៃក្រសួងចរាចរណ៍ដឹកជញ្ជូនថៃ កំពុងតែសហការជាមួយភាគី ឡាវ ដើម្បីសាងសង់ស្ពានមួយកន្លែងដែលឆ្លងកាត់ទន្លេមេគង្គ ដើម្បីបម្រើឱ្យផ្លូវដែកល្បឿនលឿនខាងលើផងដែរ។ ការពិភាក្សាលម្អិតអំពីគម្រោងសាងសង់ស្ពាននេះនឹងត្រូវបានធ្វើឡើងនៅក្នុងខែតុលា ២០២២។
នេះគឺជាផ្លូវដែកល្បឿនលឿនដំបូងរបស់ ប្រទេសថៃ។ ផ្លូវដែកនេះ នៅពេលស្ថាបនារួចរាល់នឹងតភ្ជាប់ជាមួយនឹងផ្លូវដែកល្បឿនលឿនចិន-ឡាវ នៅក្នុងបណ្ដាញផ្លូវដែកមួយតភ្ជាប់ពីតំបន់ Kunming ប្រទេសចិន ទៅកាន់ ប្រទេសសិង្ហបុរី៕