កាលពីថ្ងៃទី ២៣ សីហា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី ឱ្យដឹងថា ខ្ទង់ថវិកាជាង ១៣ ពាន់លានដុល្លារនេះ នឹងធ្វើឱ្យកញ្ចប់ថវិកាជំនួយ និងកញ្ចប់សម្រាប់ប៉ះប៉ូវដល់ការខាតបង់ក្នុងវិស័យថាមពលឆ្នាំ ២០២២ កើន ឡើងដល់ ៧០០ ទ្រីលាន រូពី។
ឥណ្ឌូណេស៊ី អាចចំណាយបន្ថែមទៅលើខ្ទង់ជំនួយផ្នែកថាមពលតម្លៃ ២០០ ទ្រីលានរូពី (១៣.៤៣ ពាន់លានដុល្លារអាម៉េរិក) បើសិនមិនដំឡើងថ្លៃប្រេងឥន្ធនៈដែលទទួលបានជំនួយពីរដ្ឋាភិបាល ក្នុងស្ថានភាពដែលការប្រើប្រាស់គ្រោងនឹងកើនឡើងលើសពីកូតាឆ្នាំ ២០២២
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៣ សីហា រដ្ឋមន្ត្រីហិញ្ញវត្ថុឥណ្ឌូណេស៊ី Sri Mulyani Indrawati បានឱ្យដឹងថា ខ្ទង់ថវិកាជាង ១៣ ពាន់លានដុល្លារនេះ នឹងធ្វើឱ្យកញ្ចប់ថវិកាជំនួយ និងកញ្ចប់ថវិកាសម្រាប់ប៉ះប៉ូវដល់ការខាតបង់ក្នុងវិស័យថាមពលឆ្នាំ ២០២២ កើន ៤០% ថែមទៀត ដោយឡើងដល់ ៧០០ ទ្រីលាន រូពី ប្រហែលនឹង ៤៧,២៥ ពាន់លានដុល្លារអាម៉េរិក។
លោកស្រី Indrawati បញ្ជាក់ថា ខ្ទង់ថវិកាបន្ថែមនេះនឹងត្រូវបានចំណាយទៅលើតែថ្លៃសាំងយីហោ Pertalite (RON-90) និងប្រេងម៉ាស៊ូត Solar របស់ក្រុមហ៊ុនថាមពលរដ្ឋ Pertamina ប៉ុណ្ណោះ ព្រោះថា បើសិនចំណាយសម្រាប់អគ្គិសនី និងឧស្ម័នធម្មជាតិរាវទៀត ខ្ទង់ប្រាក់ដែលរដ្ឋាភិបាលត្រូវចំណាយនឹងកើនឡើងកាន់តែខ្ពស់។
លោកស្រីរដ្ឋមន្ត្រីហិញ្ញវត្ថុឥណ្ឌូណេស៊ី ព្រមានថា សូម្បីតែរដ្ឋាភិបាលបង្កើនខ្ទង់ថវិកាជំនួយ និងខ្ទង់ថវិកាប៉ះប៉ូវការខាតបង់សម្រាប់ថាមពលបន្ថែមជាង ១៣ ពាន់លានដុល្លារទៀតក៏ដោយ ក៏មិនមានអ្វីធានាថា គ្រប់គ្រាន់នោះដែរ បើទោះជាមានគោលការណ៍កាត់បន្ថយការលក់ប្រេងសាំង Pertalite ទៅឱ្យអតិថិជនធំៗមួយចំនួនរបស់ក្រុមហ៊ុនរដ្ឋមួយនេះ៕