ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ការនាំចេញអង្កររបស់ កម្ពុជា នៅចុងឆ្នាំនេះ នឹងមានការកើនឡើងទៅតាមផែនការ ពោលគឺកើនឡើងចន្លោះពី ៧៥ ម៉ឺន ទៅ ៨០ ម៉ឺនតោន។
ចាប់ពីខែសីហានេះ រហូតដល់ខែធ្នូ ២០២២ ការនាំចេញអង្កររបស់ កម្ពុជា នឹងមានកំណើនងើបឡើងវិញ ដោយសារថា នៅក្នុងឆ្នាំ ២០២២ នេះ សហព័ន្ធស្រូវអង្ករ បានកំណត់ផែនការសកម្មភាព នៃការនាំចេញអង្ករឱ្យបានចន្លោះពី ៧៥ ម៉ឺន ទៅ ៨០ ម៉ឺនតោន ដែលនេះគឺជាការស្តារស្ថានភាពមួយដ៏ធំ បន្ទាប់ពី កម្ពុជា បានជួបឧបសគ្គមួយចំនួនទាក់ទិននឹងការនាំចេញអង្ករនាពេលកន្លងមក។ នេះបើតាម លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។
ក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០២២ កម្ពុជា បាននាំចេញអង្ករចំនួន ៣៥០,៩០២ តោន ស្មើនឹង ២១៨.១៧ លានដុល្លារអាមេរិក តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ស្ថាប័ន ទៅកាន់ប្រទេសចំនួន ៥៦ ក្នុងពិភពលោក។ ទីផ្សារនាំចេញអង្ករធំជាងគេរបស់ កម្ពុជា នាបច្ចុប្បន្ន គឺ ប្រទេសចិន ដោយអង្ករ ១៦៩,៧៦៦ តោន តម្លៃ ៨៩.០៩ លានដុល្លារអាម៉េរិក ស្មើនឹង ៤៨.៣៨% នៃការនាំចេញអង្ករសរុបរបស់ កម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសនេះ។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា ក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០២២ នេះ ការនាំចេញអង្ករសរុបមានកំណើន ១៣.២៤% ធៀបនឹងរយៈពេល ៧ ខែនៃឆ្នាំ ២០២១។ ដូចនេះ លោកឧកញ៉ា រំពឹងថា ការនាំចេញអង្ករនៅចុងឆ្នាំនេះ នឹងមានកំណើនកើនឡើងខ្ពស់ ស្របពេលដែល កម្ពុជា កំពុងពង្រីកទីផ្សារថ្មីៗបន្ថែមទៀត៕