ក្នុងរយៈពេលច្រើនខែមកនេះ អង្កររបស់ ប្រទេសថៃ បានឡើងថ្លៃជាបន្តបន្ទាប់ ខណៈដែលអង្កររបស់បណ្ដាប្រទេសដទៃ កំពុងប្រកួតប្រជែងតម្លៃ។
ក្រោយពីបានរក្សាតម្លៃទាបជាងអង្កររបស់ប្រទេសដទៃពី ១០ ទៅ ២០ ដុល្លារ/តោន អស់រយៈពេលជាយូរ តម្លៃអង្ករសំរូបដែលនៅកន្ទក់ ១០០% របស់ ប្រទេសថៃ មានតម្លៃ ៤២០ ដុល្លារ/តោន កើន ១០ ដុល្លារ/តោន ធៀបនឹង ១០ ថ្ងៃមុននេះ ខណៈដែលអង្ករសំរូបមានកន្ទក់ ៥% មានតម្លៃ ៤១០ ដុល្លារ/តោន កើន ១០ ដុល្លារ/តោន និងអង្ករកន្ទក់ ២៥% មានតម្លៃ ៣៩៤ ដុល្លារ/តោន កើន ៣ ដុល្លារ/តោន។
សមាគមអ្នកនាំចេញអង្កររបស់ ប្រទេសថៃ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យតម្លៃអង្កររបស់ប្រទេសនេះកើនឡើងខ្ពស់ដូច្នេះ គឺដោយសាររូបិយប័ណ្ណបាតថៃ ធ្លាក់ថ្លៃ ធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ ម្យ៉ាងទៀត ការដែលអង្ករថៃ បានធ្លាក់ថ្លៃក្នុងខែកក្កដា ក៏នាំឱ្យវាមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ជួយឱ្យការបញ្ជាទិញមានការកើនឡើង។
យោងតាម សមាគមអ្នកនាំចេញអង្កររបស់ ប្រទេសថៃ ទិន្នផលស្រូវបានប្រសើរឡើងនៅក្នុងបណ្ដាប្រទេសដែលនាំចេញអង្ករធំៗដូចជា ឥណ្ឌា និង ប៉ាគីស្ថាន ជាដើម ក៏ឱ្យពួកគេបង្កើនការប្រកួតប្រជែងដោយលក់កសិផលនេះក្នុងតម្លៃទាប។
ប្រទេសថៃ កំពុងឈរលើកំពូលតារាងនៃបណ្ដាប្រទេសដែលនៅសល់អង្ករច្រើនជាងគេ ដូច្នេះការដែលអង្កររបស់ប្រទេសនេះខ្ពស់ជាងគេ ត្រូវបានព្យាករថា នឹងមិនស្ថិតនៅបានយូរឡើយ ព្រោះតែក្រុមអ្នកជំនួញកំពុងស្វែងរកវិធីដើម្បីលក់អង្ករដែលកំពុងនៅសល់ក្នុងឃ្លាំង៕