កាលពីថ្ងៃទី ០៣ សីហា តម្លៃប្រេងពិភពលោកបានធ្លាក់ថ្លៃ ក្រោយពីទិន្នន័យបានបង្ហាញថា បរិមាណប្រេងឆៅដែលសល់ក្នុងឃ្លាំងរបស់ សហរដ្ឋអាម៉េរិក កើនឡើង និងអង្គការនៃក្រុមប្រទេសផលិតប្រេងរ៉ែ និងដៃគូសហការ (OPEC+) បានឯកភាពគ្នា បង្កើនបរិមាណប្រេងក្នុងខែកញ្ញាខាងមុខ។
ជាក់ស្ដែង ប្រេងឆៅ WTI ប្រគល់ក្នុងខែកញ្ញា បានធ្លាក់ថ្លៃ ៣.៧៦ ដុល្លារ (៤%) មកនៅត្រឹម ៩០.៦៦ ដុល្លារ/ធុង នៅលើផ្សារជួញដូរទំនិញ New York។ តម្លៃប្រេងឆៅ Brent ប្រគល់ក្នុងខែតុលា ក៏ថយចុះ ៣.៧៦ ដុល្លារ (៣.៧%) មកនៅត្រឹម ៩៦.៧៨ ដុល្លារ/ធុង នៅក្នុងផ្សារអន្តរទ្វីប។
ប្រេងធ្លាក់ថ្លៃ បន្ទាប់ពី រដ្ឋបាលព័ត៌មានថាមពលអាម៉េរិក (EIA) បានឱ្យដឹងថា បរិមាណប្រេងឆៅដែលសល់នៅក្នុងឃ្លាំងរបស់ប្រទេសនេះ បានកើនឡើង ៤.៥ លានធុងនៅក្នុងសប្ដាហ៍ដែលបញ្ចប់កាលពីថ្ងៃទី ២៩ កក្កដា។ ទិន្នន័យរបស់ EIA ក៏បានបង្ហាញថា បរិមាណប្រេងសាំងដែលសល់សរុបនៅក្នុងសប្ដាហ៍កន្លងរបស់ សហរដ្ឋអាម៉េរិក បានកើន ២០០,០០០ ធុង។
នៅក្នុងកិច្ចប្រជុំចុងក្រោយបំផុត អង្គការ OPEC+ បានសម្រេចចិត្តបង្កើនការផលិតប្រេងបន្ថែម ១០០,០០០ ធុង/ថ្ងៃ សម្រាប់ខែកញ្ញា ២០២២ ដើម្បីជួយទប់ទល់នឹងតម្លៃប្រេងដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕