ក្នុងការស្ទាបស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមអ្នកវិភាគបានបន្ទាបការព្យាករអំពីតម្លៃមធ្យមភាពនៃប្រេង Brent ឆ្នាំ ២០២២ ចុះមកនៅត្រឹម ១០៥.៧៥ ដុល្លារអាម៉េរិក/ធុង។
ក្នុងការជួញដូរកាលពីថ្ងៃទី ០១ សីហា តម្លៃប្រេងពិភពលោកបានថយចុះប្រហែល ៤% នៅពេលមានទិន្នន័យអវិជ្ជមានស្ដីពីសកម្មភាពផលិតទំនិញនានានៅក្នុងប្រទេសមួយចំនួន «សង្កត់» លើការរំពឹងចំពោះតម្រូវការប្រេង។
ទន្ទឹមនឹងនេះ ក្រុមអ្នកវិនិយោគកំពុងតែបង្វែរចំណាប់អារម្មណ៍ទៅរកកិច្ចប្រជុំដែលនឹងត្រូវបានធ្វើឡើងនៅក្នុងសប្ដាហ៍នេះរបស់ អង្គការនៃបណ្ដាប្រទេសផលិតប្រេងរ៉ែ (OPEC) និងក្រុមសម្ព័ន្ធមិត្ត ដែលហៅថា OPEC+។
ការជួញដូរកាលពីម្សិលមិញត្រូវបានបញ្ចប់ដោយតម្លៃប្រេង Brent ប្រគល់មានកាលកំណត់ ធ្លាក់ថ្លៃ ៣.៩៤ ដុល្លារអាម៉េរិក (៣.៨%) ចុះមកនៅត្រឹម ១០០.០៣ ដុល្លារ/ធុង បន្ទាប់ពីមានពេលខ្លះធ្លាក់ចុះដល់ ៩៩.០៩ ដុល្លារ/ធុង។
ចំណែកតម្លៃប្រេងអាម៉េរិក WTI បានធ្លាក់ថ្លៃ ៤.៧៣ ដុល្លារ (៤.៨%) ចុះមកនៅត្រឹម ៩៣.៨៩ ដុល្លារ/ធុង ក្រោយពីបានធ្លាក់ចុះដល់ ៩២.៤២ ដុល្លារ/ធុង។
តម្លៃប្រេង Brent និង WTI សុទ្ធតែបានបញ្ចប់ខែកក្កដាជាមួយនឹងការធ្លាក់ថ្លៃប្រចាំខែ ២ ខែជាបន្តបន្ទាប់។ នេះគឺជាលើកដំបូងដែលទំនិញនេះបានធ្លាក់ថ្លៃ ២ ខែបន្តបន្ទាប់ រាប់ចាប់ពីឆ្នាំ ២០២០។
ក្នុងការស្ទាបស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមអ្នកវិភាគបានបន្ទាបការព្យាករអំពីតម្លៃមធ្យមនៃប្រេង Brent ឆ្នាំ ២០២២ ចុះមកនៅត្រឹម ១០៥.៧៥ ដុល្លារអាម៉េរិក/ធុង។ ប្រេង WTI ក៏ត្រូវបានគេព្យាករថា នឹងថយចុះមកនៅត្រឹម ១០១.២៨ ដុល្លារ/ធុង។
តាមគម្រោង OPEC+ នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃទី ០៣ សីហា ដើម្បីសម្រេចអំពីការកំណត់បរិមាណប្រេងដែលនឹងត្រូវផលិតនៅក្នុងខែកញ្ញា៕