ក្រុមហ៊ុនមួយនៅ California មានបំណងប្រើប្រាប់បច្ចេកវិទ្យាក្នុងវិស័យម៉ាស៊ីនសិក្សា (machine learning) ដើម្បីធ្វើការទាក់ទងជាមួយពពួកសត្វនៅលើពិភពផែនដី។
Aza Raskin គឺជាសហស្ថាបនិក និងជាប្រធាននៃគម្រោងពពួកសត្វលើផែនដី (ESP) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ មានបំណងរកវិធីបកស្រាយនូវអាថ៌កំបាំងនៃទំនាក់ទំនងជាមួយពពួកសត្វ តាមរយៈបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមួយប្រភេទដែលហៅថា ម៉ាស៊ីនសិក្សា (machine learning) ដើម្បីជួយបង្កើនទំនាក់ទំនងជាមួយនឹងសត្វទាំងឡាយដែលនៅមានវត្តមាននៅលើផែនដី និងការពារពួកវា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Guardian ចុះផ្សាយកាលពីថ្ងៃទី ៣១ កក្កដា។
Elodie Briefer អ្នកជំនាញស្ដីពីសកម្មភាពរបស់សត្វ ធ្លាប់បានចូលរួមអភិវឌ្ឍកម្មវិធីដោះស្រាយសម្រាប់ការវិភាគសំឡេងស្រែករបស់សត្វជ្រូក ក្នុងបំណងកំណត់ឱ្យដឹងថា ពួកវាកំពុងឆ្លងកាត់អារម្មណ៍វិជ្ជមាន ឬអវិជ្ជមាន។ រីឯក្រុមហ៊ុនមួយដែលមានឈ្មោះថា DeepSqueak ធ្វើការវាយតម្លៃទៅលើសត្វកណ្ដុរ ដើម្បីឱ្យដឹងថា ពួកវាមានភាពតានតឹង ឬអត់ ដោយយោងទៅលើសំឡេងស្រែករបស់ពួកវា។ ចំណែកគម្រោង CETI មានផែនការប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនសិក្សា ដើម្បីរកវិធីទាក់ទងជាមួយត្រីបាឡែន Sperm whale។
ក៏ប៉ុន្តែ វិធីសាស្ត្ររបស់ ESP ខុសពីវិធីទាំងឡាយខាងលើ ព្រោះថា ស្ថាប័ននេះមិនមែនផ្ដោតទៅលើសត្វមួយប្រភេទនោះទេ តែគ្រប់ប្រភេទទាំងអស់ តាំងពីជន្លេន រហូតដល់ត្រីបាឡែន៕