កំណែគំរូនៃឧទ្ធម្ភាគចក្រគ្មានមនុស្សបើក AR-500BJ របស់ ចិន បានសម្រេចគោលដៅជាស្ថាពរក្នុងការសាកល្បងហោះឡើង និងចុះចតនៅលើនាវានៅឯកំពង់ផែ Qingdao កាលពីថ្ងៃទី ២២ កក្កដា។
«ក្នុងពេលសម្ដែងបង្ហាញ និងដំណើរការសាកល្បង AR-500BJ បានសម្រេចគោលដៅដោយរលូនចំពោះវិញ្ញាសាហោះហើរដូចជា ហោះឡើង និងចុះចតនៅលើនាវា ដែលនេះគឺជាជំហានដ៏ធំនៃការរីកចម្រើនរបស់ប្រភេទឧទ្ធម្ភាគចក្រគ្មានមនុស្សបើកបរនេះ» ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិន (AVIC) បានប្រកាសនៅលើទំព័រ WeChat ដូច្នេះ។
AR-500BJ គឺជាឧទ្ធម្ភាគចក្រធុនស្រាល ដោយមានទម្ងន់ ៥០០ គីឡូក្រាម នេះបើតាម CCTV។ វាត្រូវបានអភិវឌ្ឍដោយយោងទៅតាមម៉ូដែលឧទ្ធម្ភាគចក្រ AR-500 ដែលត្រូវបានប្រកាសបង្ហាញមុននោះ ដើម្បីសមស្របនឹងចំណតដ៏តូចចង្អៀតនៅលើនាវា។ ឧទ្ធម្ភាគចក្រនេះប្រើប្រាស់ម៉ាស៊ីនដើរដោយប្រេងឥន្ធនៈធុនធ្ងន់ ដែលផលិតដោយប្រទេសចិន។
ឧទ្ធម្ភាគចក្របើកបរស្វ័យប្រវត្តិថ្មីនេះ ត្រូវបានរចនាឡើងសម្រាប់គោលដៅយោធា និងស៊ីវិល។ វាអាចស៊ូទ្រាំបានជាមួយនឹង «បរិស្ថានអេឡិចត្រូម៉ាញ៉េទិចស្មុគស្មាញ» ជាស្ថានការណ៍យោធាមួយដែលរលកសញ្ញាអេឡិចត្រូម៉ាញ៉េទិចរារាំងសមត្ថភាពតាមដានសភាពការណ៍ក្នុងសមរភូមិ។
ឧទ្ធម្ភាគចក្របើកបរស្វ័យប្រវត្ត ដែលផលិតដោយ ប្រទេសចិន ទទួលបានការគាំទ្រពីប្រទេសមួយចំនួន ដូចជា ប្រទេសអាលហ្សេរី និង អេហ្ស៊ីប ជាដើម ដោយសារតែវាមានតម្លៃទាបជាង ធៀបនឹងផលិតផលរបស់ សហរដ្ឋអាម៉េរិក និង អឺរ៉ុប៕