Skip to content

Ford ងាក​ទៅ​ផ្ដោតលើ​ការផលិត​រថយន្ត​អគ្គិសនី ដោយ​គ្រោង​កាត់បន្ថយ​បុគ្គលិក​រាប់ពាន់នាក់​ក្នុង «រោងចក្រ​រថយន្ត​ប្រពៃណី»

ក្រុមហ៊ុន Ford គ្រោង​នឹង​ប្រកាស​កាត់បន្ថយ​ការងារ​រាប់ពាន់​កន្លែង ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ដើម្បី​បន្ថយ​ការចំណាយ និង​បង្កើន​ការប្ដូរ​ទៅ​ផលិត​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី។

Wall Street Journal (WSJ) កាលពី​ថ្ងៃទី ២០ កក្កដា បានឱ្យដឹងថា ក្រុមហ៊ុន​ផលិត​រថយន្ត​អាម៉េរិក Ford កំពុងតែ​ត្រៀមខ្លួន​កាត់បន្ថយ​ការងារ​ជាង ៤,០០០ កន្លែង ដើម្បី​បង្កើន​សកម្មភាព​ក្នុងការ​ផ្លាស់ប្ដូរ​ទៅ​ផលិត​រថយន្ត​អគ្គិសនី (EV) ដែល​បច្ចុប្បន្ន​មានការ​ចាប់អារម្មណ៍​ខ្លាំង ដោយសារតែ​កត្តា​ប្រេងសាំង​ឡើងថ្លៃ និង​កត្តាបរិស្ថាន និង​បម្រែបម្រួល​អាកាសធាតុ​ជាដើម។

ក្រុមហ៊ុន​នេះ​គ្រោង​នឹង​ប្រកាស​ព័ត៌មាន​លម្អិត​ស្ដីពី​ការកាត់បន្ថយ​ការងារ​នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ នេះ​បើតាម WSJ។ សារព័ត៌មាន​ខ្លះ​និយាយថា កម្មករ​របស់​រោងចក្រ Ford នឹងមិន​រង​ផលប៉ះពាល់ ប៉ុន្តែ Bloomberg បាន​ផ្សាយ​ថា មាន​ការងារ​រហូតដល់ ៨,០០០ កន្លែង​អាច​នឹងត្រូវ​រង​ផល​អាក្រក់។

នាយក​ប្រតិបត្តិ​នានា​របស់ Ford នឹង​ផ្ដល់ព័ត៌មាន​លម្អិត​ស្ដីពី​វិធី​ដែល​ក្រុមហ៊ុន​កំពុងតែ​កសាង​ប្រព័ន្ធ​ឧស្សាហកម្ម​របស់ខ្លួន ដើម្បី​សម្រេចបាន​ល្បឿន​នៃ​ការផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន​ពី ៦០០,០០០ គ្រឿង ទៅ​ជាង ២ លាន​គ្រឿង​នៅ​ឆ្នាំ ២០២៦ នេះ​បើតាម​ក្រុមហ៊ុន Ford។

កាលពី​ខែមីនា Ford បានប្រកាស​បង្កើត​យីហោ​ថ្មី​រថយន្ត​អគ្គិសនី​ថ្មី គឺ Ford Model e។ អំឡុង​ពេលនោះ Ford បានឱ្យដឹងថា ចង់​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន ២ លាន​គ្រឿង​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ ២០២៦ ដែល​តួលេខ​នេះ​កាន់កាប់​ប្រហែល ១/៣ នៃ​បរិមាណ​រថយន្ត​អគ្គិសនី​សរុប​នៅ​ទូទាំង​ពិភពលោក និង​មាន​គម្រោង​ចំណាយ ៥០ ពាន់​លាន​ដុល្លារ​អាម៉េរិក សម្រាប់​សកម្មភាព​នេះ។

ក្រុមហ៊ុន Ford ក៏បាន​ឱ្យដឹងថា ចង់​កាត់បន្ថយ​ការចំណាយ​សម្រាប់​ការផលិត​រថយន្ត​ប្រពៃណី ឱ្យ​ចុះមក​នៅត្រឹម ៣ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *