Skip to content

ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លក់ Bitcoin បាន​ជាង ៩០០ លាន​ដុល្លារ

Tesla បាន​លក់ Bitcoin ចំនួន ៧៥% ដែល​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​នេះ​បាន​កាន់កាប់ ហើយ​រកបាន​ប្រាក់ ៩៣៦ លាន​ដុល្លារ នៅក្នុង​ត្រីមាស​ទី​ពីរ។

តម្លៃ Bitcoin បាន​ដាំ​ក្បាល​ចុះ បាន​ប៉ះពាល់​ដល់​ប្រាក់ចំណេញ​របស់ Tesla ធ្វើឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ សម្រេចចិត្ត​លក់​ចោល​ប្រាក់​ឌីជីថល​គ្រីប​តូ​នេះ​ខ្លះ។ នាយក​ប្រតិបត្តិ​របស់ Tesla លោក Elon Musk បានឱ្យដឹងថា ពួកគេ​លក់ Bitcoin ដើម្បី​បង្កើន​សាច់ប្រាក់ ដោយសារតែ​បរិស្ថាន​ពាណិជ្ជកម្ម​ខ្វះ​ភាពប្រាកដប្រជា​ព្រោះតែ​កូ​វីដ-១៩។ ក្នុង​របាយការណ៍​ស្ដីពី​លទ្ធផល​អាជីវកម្ម​ក្នុង​ត្រីមាស​ទី​ពីរ​ដែល​ទើបតែ​បានប្រកាស Tesla ទទួលបាន​សាច់ប្រាក់​បន្ថែម ៩៣៦ លាន​ដុល្លារ ពី​ការលក់ Bitcoin ខាងលើ។

នៅក្នុង​របាយការណ៍​ដែល​បានដាក់​ឡើងទៅ​កាន់​គណៈ​កម្ម​ការមូល​ប​ត្រ​អាម៉េរិក កាលពីដើមឆ្នាំ Tesla ឱ្យដឹងថា កាន់កាប់​បរិមាណ Bitcoin ដែលមាន​តម្លៃ​ជិត ២ ពាន់​លាន​ដុល្លារ គិត​ត្រឹម​ដំណាច់ឆ្នាំ ២០២១។ Tesla បាន​ចំណាយ ១.៥ ពាន់​លាន​ដុល្លារ ទិញ Bitcoin កាលពី​ខែកុម្ភៈ ២០២១ និង​បាន​លក់​អស់ ១០% ក្រោយពី​ទិញ​បាន ២ ខែ។ បច្ចុប្បន្ន Tesla បញ្ជាក់ថា នៅ​កាន់កាប់ Bitcoin ដែលមាន​តម្លៃ​តែ ២១៨ លាន​ដុល្លារ​ប៉ុណ្ណោះ។

ក្នុង​ត្រីមាស​ទី​ពីរ Tesla រក​ចំណូល​សរុប​បាន ១៦.៩ ពាន់​លាន​ដុល្លារ ទាប​ជាង​តួលេខ ១៧.១ ពាន់​លាន​ដុល្លារ​ដែល​បាន​ព្យាករ​មុន​នោះ​របស់ Refinitiv។ ក្នុងនោះ ប្រាក់ចំណូល​បាន​ពី​រថយន្ត មាន​ចំនួន ១៤.៦ ពាន់​លាន​ដុល្លារ, ថាមពល ៨៦៦ លាន​ដុល្លារ ខណៈដែល​សេវាកម្ម និង​ផ្នែកផ្សេងៗទៀត​រួមចំណែក ១.៤៧ ពាន់​លាន​ដុល្លារ។

អត្រា​ប្រាក់ចំណេញ​សរុប​ក្នុង​ត្រីមាស​ទី​ពីរ​របស់ Tesla សម្រេចបាន ២៧.៩% ទាប​ជាង​អត្រា ៣២.៩% កាលពី​ត្រីមាស​ទីមួយ ឆ្នាំ ២០២២ និង​អត្រា ២៨.៤% ក្នុង​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ​កន្លង ដោយសារ​ផលប៉ះពាល់​ពី​បញ្ហា​អតិផរណា និង​ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​ថ្ម​ផ្ទុក​ថាមពល ក៏ដូចជា​គ្រឿងបន្លាស់​ដទៃទៀត​របស់​រថយន្ត​អគ្គិសនី៕

Leave a Reply

Your email address will not be published. Required fields are marked *