ខ្សែប្រយុទ្ធ Sergio Aguero របស់ក្លិប Manchester City បានរងរបួសបាក់ឆ្អឹងជំនីរ ក្នុងគ្រោះថ្នាក់បុករថយន្តមួយក្នុងប្រទេសហូឡង់ ដែលក្លាយជាការខកចិត្តដ៏ធំមួយដល់ការប្រជែងលើកពានរបស់ក្រុម ដែលកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Premier League មួយនេះ។
Aguero បានធ្វើឲ្យខ្លួនគេក្លាយជាសមាជិកដ៏សំខាន់ម្នាក់ក្នុងការជួយឲ្យ Man City ឡើងទៅឈរនៅលើកំពូលតារាង តាមរយៈការរកបានគ្រាប់បាល់បញ្ចូលទី6គ្រាប់ក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។ ខ្សែប្រយុទ្ធវ័យ 29ឆ្នាំរូបនេះ បានរងរបួសក្រោយពីរថយន្តតាក់ស៊ីមួយគ្រឿងបានដឹករូបគេទៅកាន់អាកាសយានដ្ឋាននៃទីក្រុង Amsterdam បន្ទាប់ពីមានឧប្បត្តិហេតុមួយក្នុងការប្រគំតន្ត្រីមួយកន្លែងកាលពីរាត្រីថ្ងៃព្រហស្បតិ៍។
ក្រោយមក Aguero បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃសុក្រថា រូបគេពិតជាមានសំណាងល្អណាស់ដែលបានពាក់ខ្សែក្រវាត់សុវត្ថិភាព។ តារាឆ្នើមអន្តរជាតិអាហ្សង់ទីនដែលក្លិបរបស់គេបានបញ្ជាក់ថា រូបគេនឹងត្រូវអវត្តមានរយៈពេល4សប្តាហ៍នោះ បានឲ្យដឹងថា៖ «វាជាការបុកយ៉ាងខ្លាំងក្លាមួយ ប៉ុន្តែខ្សែក្រវាត់សុវត្ថិភាពបានការពារមិនឲ្យរូបខ្ញុំរងគ្រោះថ្នាក់ធ្ងន់»។
ដំបូងឡើយ វាមានការព្រួយបារម្ភថា រូបគេអាចនឹងត្រូវអវត្តមានរយៈពេល2ខែ។ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Man City បាននិយាយថា Aguero នឹងត្រូវអវត្តមានក្នុងការប្រកួតរបស់ Man City នៅលើទឹកដីក្រុមម្ចាស់ការពារតំណែងជើងឯក Chelsea នៅថ្ងៃសៅរ៍នេះ ហើយក៏នឹងត្រូវអវត្តមានក្នុងការប្រកួតជម្រុះ World Cup របស់ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នៅដើមខែតុលានេះ ផងដែរ៕
ប្រភពពី៖ Skysports