«ខ្ញុំជឿថា មនុស្សជោគជ័យទាំងអស់សុទ្ធតែត្រូវឆ្លងកាត់ការលំបាកជាច្រើន គ្រាន់តែគេលាក់មិននិយាយ» នេះជាការលើកឡើងរបស់លោក កុល ផេងវឌ្ឍនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងជាអ្នកនិពន្ធសៀវភៅ Discovery Your Greatness នៅក្នុងសិក្ខាសាលាមួយស្តីពីជីវិតសិក្សា និងការងារ។
លោក កុល ផេងវឌ្ឍនា បានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក តែលោកបានឆ្លងកាត់ដំណាក់កាលលំបាកជាច្រើន ដែលលោកអះអាងថា នៅទីនោះសូម្បីតែកូនសេដ្ឋីក៏គេរៀនផង និងធ្វើការផងដូចរូបលោកដែរ។ ការងារដំបូងរបស់លោកគឺជាអ្នកលាងចាន ដែលការងារនេះទទួលបានចំណូលតិចតួចបំផុតហើយថែមទាំងត្រូវលាងបង្គន់ទៀតផង តែលោកនៅតែតស៊ូជាមួយនឹងការលំបាករហូតដល់លោកបានក្លាយជាអ្នកគ្រប់គ្រងម្នាក់នៅក្នុងហាងមួយនៅអាមេរិក ខណៈពេលដែលលោកត្រូវចំណាយពេលវេលាជាច្រើនដើម្បីរៀននៅមហាវិទ្យាល័យ។
លោក កុល ផេងវឌ្ឍនា បាននិយាយថា៖ «ការលំបាកអាចធ្វើឱ្យយើងតស៊ូ និងមានកម្លាំងកាន់តែខ្លាំងក្នុងការជម្នះឧបសគ្គធំៗក្នុងជីវិត និងការងារ»។
លោក វឌ្ឍនា បានលើកឡើងផងដែថា យុវវ័យគួរតែព្យាយាមប្រើជីវិត និងពេលវេលាឱ្យអស់ពីលទ្ធភាពដោយកុំខ្លាចការលំបាក ព្រោះថា នៅពេលដែលយើងបានឆ្លងកាត់ ឬប្រឈមជាមួយនឹងបញ្ហាដ៏ច្រើនទាំងនោះហើយ យើងនឹងស្គាល់ពីភាពអត់ធ្មត់ ហើយធ្វើឱ្យយើងអាចក្លាយជាអ្នកគ្រប់គ្រងល្អផងនៅថ្ងៃអនាគត។
ការដែលចាប់ផ្តើមពីការធ្វើការងារតូចបំផុត អាចធ្វើឱ្យយើងក្លាយជាអ្នកគ្រប់គ្រងបុគ្គលិកបានល្អនៅពេលដែលយើងក្លាយជាអ្នកគ្រប់គ្រង ឬក្លាយជាម្ចាស់អាជីវកម្ម ព្រោះយើងបានយល់ដឹងច្បាស់ពីសុខទុក្ខ និងបញ្ហារបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ មិនថាបុគ្គលិកដែលស្ថិតនៅថ្នាក់ទាបប៉ុនណាក៏ដោយ៕