នាថ្ងៃទី ៣០ ខែមិថុនានេះ ក្រុមមន្ត្រីកូរ៉េខាងត្បូង បានឱ្យដឹងថា តំណាងកម្មករ និយោជិត និងម្ចាស់ក្រុមហ៊ុននៅប្រទេសនេះ បានឯកភាពគ្នាក្នុងការដាក់ចេញនូវកម្រិតប្រាក់បៀវត្សអប្បបរមាគិតទៅតាមម៉ោងធ្វើការ សម្រាប់ឆ្នាំ ២០២៣ គឺ ៩,៦២០ វ៉ុន (ប្រហែល ៧.៤១ ដុល្លារអាម៉េរិក) កើន ៥% ធៀបនឹងឆ្នាំនេះ។
គណៈកម្មការប្រាក់បៀវត្សអប្បបរមា (MWC) ដែលមានសមាជិក ៩ រូប តំណាងឱ្យកម្មករ និយោជិត ម្ចាស់ក្រុមហ៊ុន និងសាធារណជន កាលពីព្រលប់ថ្ងៃទី ២៩ មិថុនា សម្រេចបានកិច្ចព្រមព្រៀងស្ដីពីការកំណត់ប្រាក់បៀវត្សអប្បបរមាសម្រាប់កម្មករ និយោជិត។ យោងតាមកិច្ចព្រមព្រៀងនេះ ប្រាក់ខែរបស់កម្មករ និយោជិតកូរ៉េខាងត្បូង គឺ ២.០២ លានវ៉ុន ដែលនឹងត្រូវបានអនុវត្តចំពោះគ្រប់វិស័យ។
នៅក្នុងការចរចា ភាគីតំណាងកម្មករ និយោជិត បានស្នើឱ្យដំឡើងប្រាក់ខែទៅតាមការសន្យារបស់ អាជ្ញាធររបស់អតីតប្រធានាធិបតី Moon Jae-in (១០,០០០ វ៉ុន/ម៉ោង)។ ចំណែកភាគីខាងម្ចាស់ក្រុមហ៊ុនវិញ បានស្នើឱ្យពន្យារពេលគម្រោងដំឡើងប្រាក់ខែទៅតាមការសន្យាខាងលើ ដោយសារមានការបារម្ភអំពីការខាតបង់ដែលកើតឡើងដោយសារកូវីដ-១៩ ការប្រាក់ អតិផរណាកើនឡើង និងអត្រាប្ដូរប្រាក់ក៏សុទ្ធតែខ្ពស់។
ការកំណត់ប្រាក់ខែអប្បបរមាថ្មីខាងលើសម្រាប់ឆ្នាំ ២០២៣ នេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី ១ មករា ២០២៣។
ក្នុងអាណត្តិរបស់ អតីតប្រធានាធិបតី Moon Jae-in ប្រាក់បៀវត្សអប្បបរមាបានកើន ១៦.៤% នៅឆ្នាំ ២០១៨, ១០.៩% នៅឆ្នាំ ២០១៩, ២.៩% នៅឆ្នាំ ២០២០ និង ១.៥% នៅឆ្នាំ ២០២១៕