កាលពីថ្ងៃទី ២៨ មិថុនា ក្រុមមន្ត្រីអាម៉េរិក បានឱ្យដឹងថា ប្រទេសនេះបានចាប់ផ្ដើមពិភាក្សាជាមួយបណ្ដាប្រទេសដែលប្រើប្រាស់ប្រេងហ្វូស៊ីលច្រើន ក្នុងនោះមាន ឥណ្ឌា ជាដើម អំពីការកំណត់តម្លៃពិតាន (តម្លៃអតិបរមា) ចំពោះប្រេងហ្វូស៊ីលដែលនាំចូលពី រុស្ស៊ី។
យោងតាមទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan សហរដ្ឋអាម៉េរិក បានចាប់ផ្ដើមចរចាជាមួយ ឥណ្ឌា ស្ដីពីយន្តការកំណត់តម្លៃពិតានចំពោះប្រេងដែលនាំចូលពី ប្រទេសរុស្ស៊ី ក៏ដូចជាផលប៉ះពាល់ដែលកើតឡើងពីវិធានការនេះ។ មន្ត្រីជាន់ខ្ពស់អាម៉េរិក មួយរូប សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងថា ការចរចាអំពីការកំណត់តម្លៃពិតានចំពោះប្រេងរបស់ រុស្ស៊ី នេះ នឹងត្រូវបានធ្វើឡើងជាមួយបណ្ដាប្រទេសដែលប្រើប្រាស់ប្រេងតិចជាង នៅ អាហ្វ្រិក និង អាម៉េរិកឡាទីន រួមនឹងបណ្ដាក្រុមហ៊ុនថាមពលនានានៅលើពិភពលោកផងដែរ នាពេលខាងមុខ។
សហរដ្ឋអាម៉េរិក គឺជាប្រទេសដំបូងគេដែលស្នើឱ្យមានយន្តការកំណត់តម្លៃពិតានចំពោះប្រេងដែលនាំចូលពី ប្រទេសរុស្ស៊ី។ យន្តការកំណត់តម្លៃពិតាននេះនឹងត្រូវបានភ្ជាប់ជាមួយនឹងសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងការដឹកជញ្ជូនប្រេងតាមសមុទ្រ។
ក្នុងគ្រានេះដែរ ក្រុមប្រទេសឧស្សាហកម្មរីកចម្រើនលំដាប់កំពូល (G៧) បានពិភាក្សាគ្នាអំពីការកំណត់តម្លៃពិតាននៅទូទាំងសកលលោកចំពោះប្រេងនាំចូលពី រុស្ស៊ី ដោយសារតែការលុកលុយរបស់ ទីក្រុងមូស្គូ នៅ អ៊ុយក្រែន បានធ្វើឱ្យប្រេងឡើងថ្លៃខ្ពស់។
ក្រុមមន្ត្រីនៅ G៧ កាលពីថ្ងៃទី ២៨ មិថុនា បានឱ្យដឹងថា ពួកគេបានឯកភាពគ្នាក្នុងការស្រាវជ្រាវរកវិធីសាស្ត្រកំណត់តម្លៃពិតានរបស់ប្រេងដែលនាំចូលពី ប្រទេសរុស្ស៊ី។ ចំណែក សហភាពអឺរ៉ុប រួមនឹងដៃគូសហការ ក៏នឹងពិនិត្យមើលលទ្ធភាពនៃវិធានការនានាដើម្បីគ្រប់គ្រងតម្លៃប្រេង ពិសេសគឺវិធីសាស្ត្របណ្ដោះអាសន្នដើម្បីកំណត់តម្លៃពិតានចំពោះប្រេង និងឧស្ម័នដែលនាំចូលពី រុស្ស៊ី នេះតែម្ដង៕