Skip to content

រុស្ស៊ី «ក្ស័យ​ធន​ចំពោះ​បំណុល​បរទេស»​ ជា​លើក​ដំបូង ​រាប់​ចាប់​ពី​ឆ្នាំ ​១៩១៨!​ ប៉ុន្តែ​ មូស្គូ​ ច្រាន​ចោល​អត្ថន័យ​នេះ

រុស្ស៊ី បាន​ក្ស័យធន​លើ​បំណុល​បរទេស​ជា​លើកដំបូង ក្រោយពី​ជាង​មួយ​សតវត្សរ៍ ក្នុង​គ្រា​ដែល​ត្រូវ​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​បស្ចិម​លោក ធ្វើឱ្យ​ម្ចាស់បំណុល​បរទេស​ត្រូវ​បិទ​ខ្ទប់​ប្រព័ន្ធ​ទូទាត់​បំណុល​ចំពោះ​កូនបំណុល​ជា ទីក្រុង​មូ​ស្គូ។

សារព័ត៌មាន Bloomberg បាន​រាយការណ៍​ថា យោងតាម​កាលបរិច្ឆេទ​ចុងក្រោយ រុស្ស៊ី នឹងត្រូវ​បង់ការ​ប្រាក់​តម្លៃ​ប្រហែល ១០០ លាន​ដុល្លារ​អាម៉េរិក កាលពី​ថ្ងៃទី ២៧ ឧសភា ប៉ុន្តែ ត្រូវបាន​ពន្យារពេល​ដ​ល់​ចុង​ថ្ងៃទី ២៦ មិថុនា។ ដោយសារតែ​មិនទាន់​អាច​ទូទាត់​ខ្ទង់​ការប្រាក់​តាម​កាលកំណត់​នេះ រុស្ស៊ី ត្រូវបាន​ចាត់ទុកថា ធ្លាក់​ទៅក្នុង​ស្ថានការណ៍ «ក្ស័យធន»។

ប្រភពព័ត៌មាន​អធិប្បាយ​ថា នេះ​គឺជា​ការ​សំពង​មួយ​យ៉ាង​ធ្ងន់​ទៅលើ​កិត្យានុភាព​ជាតិ​របស់ រុស្ស៊ី។ ប្រាក់​អឺរ៉ូ ដែល រុស្ស៊ី កំពុងមាន ត្រូវបាន​ជួញដូរ​នៅក្នុង​កម្រិត​លំបាក​រាប់​ចាប់ពី​ដើមខែ​មីនា ចំណែក​ទុនបម្រុង​ផ្នែក​រូបិយប័ណ្ណ​បរទេស​របស់​ធនាគារ​ជាតិ ក៏​នៅតែ​ត្រូវបាន​បង្កក ខណៈដែល​បណ្ដា​ធនាគារធំៗរបស់ រុស្ស៊ី ត្រូវបាន​កាត់ផ្ដាច់​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល។

ទោះជា​យ៉ាងណាក៏ដោយ ស្ថានភាព​ក្ស័យធន​បច្ចុប្បន្ន​របស់ រុស្ស៊ី គឺ​គ្រាន់​តែមាន​លក្ខណៈ​ជា «និមិត្តរូប» ប៉ុណ្ណោះ និង​មិនជា​រឿង​សំខាន់​សម្រាប់ រុស្ស៊ី នៅក្នុងពេល​បច្ចុប្បន្ន ព្រោះថា វា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច-ទីផ្សារ​របស់​ប្រទេស​នេះ។

ភាគី​ខាង​រុស្ស៊ី បាន​ទាត់ចោល​អត្ថន័យ​ដែលថា ខ្លួន​ត្រូវបាន​ចាត់ទុកថា «ក្ស័យធន» ដោយ​ប្រកាសថា រុស្ស៊ី មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​សងបំណុល​បរទេស ប៉ុន្តែ ត្រូវបាន​គេ​បង្ខំ ធ្វើឱ្យ​ប្រទេស​នេះ​មិនអាច​ទូទាត់​សង​បាន។ មុន​នោះ ទីក្រុង​មូ​ស្គូ បានប្រកាសថា ពួកគេ​នឹង​ទូទាត់​បំណុល​រដ្ឋាភិបាល​ប្រហែល ៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយ​ប្រើប្រាស់​ប្រាក់​រូ​ប្ល​រុស្ស៊ី និង​បាន​និយាយថា នេះ​គឺជា​កាលៈទេសៈ​ដែល​មិនអាច​ប្រឆាំង​បាន។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី Anton Siluanov បាន​និយាយថា «គ្រប់គ្នា​ក៏​អាច​ប្រកាស​អំពី​រឿង​គ្រប់យ៉ាង​ដែល​ពួកគេ​ចង់។ ប៉ុន្តែ គ្រប់គ្នា​ដែល​បាន​យល់​អំពី​អ្វីដែល​កំពុង​កើតឡើង សុទ្ធតែ​យល់ច្បាស់​ថា នេះ​មិនមែនជា​ករណី​ក្ស័យធន»។

ប្រាក់​សម្រាប់​សងបំណុល​បរទេស​របស់ រុស្ស៊ី បាន​ជាប់គាំង បន្ទាប់ពី រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក មិន​អនុញ្ញាតឱ្យ​ភាគី​ជា​ម្ចាស់​មូល​ប​ត្រ​បំណុល​នៅ សហរដ្ឋ​អាម៉េរិក ទទួលយក​ការទូទាត់​បំណុល​ពី រុស្ស៊ី ចំណែក សហភាព​អឺរ៉ុប ក៏បាន​ហាម​ភ្នាក់ងារ​ទូទាត់​របស់ រុស្ស៊ី។

ការ​ក្ស័យធន​បរទេស ឬ​ការមិន​មានលទ្ធភាព​ស​ង​បំណុល​បរទេស លើកចុងក្រោយ​របស់ រុស្ស៊ី គឺ​នៅ​ឆ្នាំ ១៩១៨ នៅក្នុង​បដិវត្តន៍ Bolshevik នៅពេល​មេដឹកនាំ Vladimir Lenin បដិសេធ​ការសង​បំណុល​ដែល​ប្រទេស​នេះ​ជំពាក់​បរទេស​ក្នុងសម័យ​រាជានិយម។ ឆ្នាំ ១៩៩៨ រុស្ស៊ី បាន​ឆ្លងកាត់​វិបត្តិ​ហិរញ្ញវត្ថុ និង​ការដួលរលំ​នៃ​ប្រា​ក់រូ​ប្ល ប៉ុន្តែ ប្រទេស​នេះ​នៅតែ​អាច​សងបំណុល​ប្រទេស​បាន​ក្នុងសម័យ​នោះ៕

Leave a Reply

Your email address will not be published. Required fields are marked *