កាលពីថ្ងៃទី ២៤ មិថុនា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានឱ្យដឹងថា ការធ្វើវិសោធនកម្មច្បាប់ចំពោះ «សប្ដាហ៍ធ្វើការ ៥២ ម៉ោង» មិនទាន់ត្រូវបានរដ្ឋាភិបាលសម្រេចជាផ្លូវការនៅឡើយ។
រដ្ឋមន្ត្រីក្រសួងការងារកូរ៉េខាងត្បូង Lee Jeong-sik និយាយថា រដ្ឋាភិបាលនឹងពិនិត្យ កែសម្រួលប្រព័ន្ធធ្វើការ ៥២ ម៉ោង/សប្ដាហ៍ ទៅតាមវិធីដែលអនុញ្ញាតឱ្យនិយោជក និងនិយោជិត បែងចែកចំនួនម៉ោងធ្វើការឱ្យមានភាពបត់បែន នៅក្នុងអំឡុង ១ ខែ។
លោក Yoon បានថ្លែងថា «ឧបនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានប្រមូលសំណើរបស់ក្រុមមនុស្សមកពីបណ្ដាសមាគមស្រាវជ្រាវឯកជន និងស្នើឱ្យ ក្រសួងការងារ ពិនិត្យលើភាពបត់បែនរបស់ទីផ្សារការងារ។ ប៉ុន្តែ សំណើនេះមិនទាន់ត្រូវបានរដ្ឋាភិបាលយល់ព្រមជាផ្លូវការនៅឡើយ»។
សំណើ «សប្ដាហ៍ធ្វើការ ៥២ ម៉ោង» ត្រូវបានលើកឡើងកាលពីឆ្នាំ ២០១៨ ក្នុងអាណត្តិប្រធានាធិបតី Moon Jae-in ប៉ុន្តែ ត្រូវបានមនុស្សមួយចំនួនរិះគន់ ព្រោះតែមិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុន និងបុគ្គលិក។
នៅពេលប្រកាសអំពីទិសដៅគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនកាលពីសប្ដាហ៍កន្លង អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថា ពួកគេនឹងជំរុញការកែទម្រង់រចនាសម្ព័ន្ធក្នុងវិស័យចំនួន ៥ ក្នុងនោះមានទាំងទីផ្សារការងារ និងអប់រំជាដើម ព្រមទាំងមានផែនការអនុវត្ត «ភាពបត់បែន» សម្រាប់ «សប្ដាហ៍ធ្វើការ ៥២ ម៉ោង» ផងដែរ៕