ស្ថាបត្យករកម្ពុជាដ៏ឆ្នើមព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ បានចូលមរណកាលហើយនៅព្រឹកថ្ងៃទី28 ខែកញ្ញា ឆ្នាំ2017 នេះ ក្នុងជន្មាយុ 91 ឆ្នាំ នៅក្នុងភូមិមណ្ឌល3 សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយសារតែរោគាពាធ។
លោកតាព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ កើតនៅថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ1926 នៅស្រុករាម ខេត្តកំពត។ លោកបានបញ្ជប់ការសិក្សាថ្នាក់មធ្យមសិក្សានៅទីក្រុងភ្នំពេញក្នុងឆ្នាំ 1944 និងទទួលបានអាហារូបករណ៍ទៅសិក្សាបន្តផ្នែកច្បាប់នៅប្រទេសបារាំង 1946។
ទៅដល់ប្រទេសបារាំង លោកបានប្តូរជំនាញទៅសិក្សាផ្នែកស្ថាបត្យកម្មនៅសាលាវិចិត្រសិល្បៈក្នុងទីក្រុងប៉ារីសវិញ ក្រោយពេលដែលលោកទៅសិក្សាបានមួយឆ្នាំនៅប្រទេសបារាំង។ ក្រោយបញ្ចប់ការសិក្សា លោកបានត្រឡប់មកកម្ពុជាវិញនៅឆ្នាំ 1955 មុនពេលដែលលោកត្រូវបានតែងតាំងជាប្រធានស្ថាបត្យករកម្ពុជា និងក្លាយជាព្រឹទ្ធបុរសទី1 នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ 1965។
លោក វណ្ណ មូលីវណ្ណ បានរចនាគម្រោងស្ថាបត្យកម្មជាច្រើននៅក្នុងទីក្រុងភ្នំពេញនៅចន្លោះទសវត្សរ៍ 60 និងទស្សវត្សរ៍ 70 ទាំងនៅតាមទីរួមខេត្តនានា និងរាជធានីភ្នំពេញ។ ស្នាដៃរបស់លោកនៅពេលនោះ ជាស្ថាបត្យកម្មដែលពោរពេញទៅដោយភាពច្នៃប្រឌិត និងមានភាពប្រណីតខ្ពស់ ដែលមានដូចជា វត្តអារាម សាលសន្និសីទចតុមុខ អគារគណៈរដ្ឋមន្ត្រី វិមានរដ្ឋ ស្ថានទូតខ្មែរនៅបរទេស វិមានឯករាជ្យ សាលមហោស្រពជាតិព្រះសុរាម្រិត អគារវិទ្យាស្ថានជាតិ បច្ចេកវិទ្យា និងពហុកីឡដ្ឋានជាតិអូឡាំពិក រួមជាមួយនឹងអគារសំខាន់ៗមួយចំនួនទៀតដែរ។
ក្រោយពេលដែលសង្គមរាស្ត្រនិយមត្រូវបានផ្តួលរំលំដោយការធ្វើរដ្ឋប្រហារដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ក្នុងឆ្នាំ 1970 នៅឆ្នាំ1972 លោក វណ្ណ មូលីវណ្ណ និងក្រុមគ្រួសារបានភៀសខ្លួនទៅរស់នៅប្រទេសស្វ៊ីស និងបានធ្វើការឱ្យគម្រោងមួយរបស់អង្គការសហប្រជាជាតិដែលមានឈ្មោះថា UN Human Settlements Program មុននឹងលោកត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ 1991។ ក្រោយពេលដែលលោកមកដល់កម្ពុជា លោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ បានបម្រើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយលោកក៏ជាកម្លាំងដ៏សំខាន់ម្នាក់ក្នុងការបង្កើតអាជ្ញាធរអប្សរាផងដែរ។
ជាចុងក្រោយនៃទីនេះ គេហទំព័រ ឡារ៉ែនសូមសម្ដែងនូវក្ដីសោកស្ដាយយ៉ាងក្រៃលែងចំពោះដំណឹងនៃការចូលមរណកាលរបស់លោកតាព្រឹទ្ធាចារ្យ មហាស្ថាបត្យករខ្មែរ និងសូមចូលរួមសម្ដែងមរណទុក្ខនាឱកាសដ៏ក្រៀមក្រំនេះផង។ សូមវិញ្ញាណក្ខន្ធលោកតាព្រឹទ្ធាចារ្យអញ្ជើញទៅកាន់សុគតិភពកុំបីអាក់ខានឡើយ៕