កាលពីថ្ងៃទី ២០ មិថុនា នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio បានឱ្យដឹងថា ប្រទេសនេះនឹងបើកទ្វារសម្រាប់ជើងហោះហើរអន្តរជាតិចំពោះអាកាសយានដ្ឋានចំនួន ៣ ទៀតចាប់ពីខែកក្កដាខាងមុខ ក្រោយពីវិធានការទប់ស្កាត់កូវីដ-១៩ ត្រូវបានបន្ធូរបន្ថយថែមមួយកម្រិតទៀត។
យោងតាមនាយករដ្ឋមន្ត្រី លោក Kishida អាកាសយានដ្ឋានចំនួន ៣ ខាងលើនេះ រួមមាន Sendai, Hiroshima និង Takamatsu។ មុននោះ រដ្ឋាភិបាលជប៉ុន ក៏បានសម្រេចចិត្តអនុញ្ញាតឱ្យអាកាសយានដ្ឋានចំនួន ២ គឺ Naha និង New Chitose បើទ្វារទទួលជើងហោះហើរទៅ-មកអន្តរជាតិ ចាប់ពីចុងខែមិថុនានេះ ដើម្បីទាក់ទាញទេសចរទៅកាន់តំបន់ Okinawa និង Hokkaido។
ជប៉ុន បានបើកទ្វារទទួលភ្ញៀវបរទេសឡើងវិញចាប់ពីថ្ងៃទី ១០ មិថុនាកន្លងទៅ ប៉ុន្តែ អនុញ្ញាតឱ្យទទួលអ្នកដំណើរពីបរទេសត្រឹមតែ ២០,០០០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃៗ ក្នុងនោះរាប់ទាំងពលរដ្ឋជប៉ុន ផងដែរ។
ជប៉ុន បច្ចុប្បន្នបែងចែកបណ្ដាប្រទេស និងតំបន់ជា ៣ ក្រុម អាស្រ័យទៅតាមស្ថានភាពជំងឺរាតត្បាត ក្នុងនោះ ភាគច្រើនត្រូវបានចាត់ចូលក្នុងក្រុមពណ៌ទឹកសមុទ្រ ដែលជាកម្រិតស្រាលបំផុត។
អ្នកដំណើរដែលមកពីបណ្ដាប្រទេស និងតំបន់ដែលស្ថិតក្នុងក្រុមពណ៌ទឹកសមុទ្រ នឹងត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ថា អវិជ្ជមាននឹងកូវីដ-១៩ មុនពេលចេញដំណើរ ប៉ុន្តែ នឹងត្រូវបានលើកលែងការធ្វើចត្តាឡីស័ក និងការធ្វើតេស្តនៅពេលមកដល់ ប្រទេសជប៉ុន៕