លោក Elon Musk ពេលនេះទំនងជាមិនអាចក្រអឺតក្រទម ឬមើលស្រាលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនមួយនេះបានទៀតឡើយ។
ជាងមួយទសវត្សរ៍មុន មហាសេដ្ឋី Elon Musk ធ្លាប់សើចចំអកចំពោះគំនិតដែលនិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD របស់ ចិន គឺជាគូប្រជែងគួរឱ្យញញើតរបស់ Tesla។ ប៉ុន្តែ ការក្រអឺតក្រទមរបស់មហាសេដ្ឋីរូបនេះ បច្ចុប្បន្នហាក់បានថយចុះច្រើន។
ពេលនេះ BYD ដែលទទួលបានការគាំទ្រពី មហាសេដ្ឋីអាម៉េរិក លោក Warren Buffett កំពុងតែត្រៀមខ្លួនផ្ដួលគូប្រជែងរបស់ខ្លួននៅលើ ទឹកដីចិន នោះគឺ Tesla។ កាលពីសប្ដាហ៍កន្លង នាយកប្រតិបត្តិមួយរូបរបស់ BYD បាននិយាយថា ក្រុមហ៊ុនរបស់គាត់កំពុងតែ «ត្រៀមផ្គត់ផ្គង់ថ្មឱ្យ Tesla ក្នុងពេលឆាប់ៗខាងមុខ»។ កិច្ចព្រមព្រៀងនេះនឹងអាចនាំឱ្យ BYD ក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតថ្ម និងរថយន្តអគ្គិសនីលេចធ្លោ និងធំជាងគេក្នុងពិភពលោក។
ពីរឆ្នាំកន្លងទៅ BYD បានផលិតរថយន្តអគ្គិសនី និងថ្ម lithium បច្ចេកវិទ្យាខ្ពស់ជាងមុន អនុញ្ញាតឱ្យពួកគេគ្រប់គ្រងទីផ្សារពិភពលោកបានមួយភាគធំ។ BYD មានគម្រោងលក់រថយន្តអគ្គិសនី ១.៥ លានគ្រឿងក្នុងឆ្នាំ ២០២២ ដែលនេះនឹងជួយឱ្យក្រុមហ៊ុនឆ្ពោះទៅជិតដល់គោលដៅកាន់កាប់ ១/៣ នៃចំណែកទីផ្សាររថយន្តអគ្គិសនីនៅ ប្រទេសចិន នៅចុងឆ្នាំនេះ។
កាលពីខែមេសាកន្លងទៅ BYD ជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូលៗ បើគិតទៅតាមចំនួនរថយន្តដែលបានលក់ចេញ និងក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេលំដាប់ទីបីក្នុងពិភពលោក បើគិតទៅតាមតម្លៃមូលធនទីផ្សារ។ ក្នុងខែមេសា BYD បានលក់រថយន្តអគ្គិសនីជាង ៤៦,០០០ គ្រឿង (Tesla លក់បាន ១,៧២៨ គ្រឿង) និងបានប្រកាសឈប់ផលិតរថយន្តប្រើប្រេងសាំង។ ខែឧសភា កំណើននៃការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ក៏បានកើនឡើង ២៥០% ធៀបនឹងមួយឆ្នាំមុននោះ។
កិច្ចព្រមព្រៀងរវាង BYD និង Tesla នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ប៉ុន្តែ ក្រុមហ៊ុនចិន មួយនេះអាចផ្គត់ផ្គង់ថ្ម Blade ដល់ Tesla។
BYD កំពុងតែធ្វើអ្វីៗដែល Tesla ចង់ធ្វើ ៖ ផលិតថ្ម និងធានាប្រភពផ្គត់ផ្គង់។ BYD ក៏សម្រេចបាននូវគោលដៅរបស់ខ្លួន នោះគឺ «ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេមួយនៅក្នុងពិភពលោក។ ថ្វីបើរថយន្តរបស់ BYD មិនទាន់មានបច្ចេកវិទ្យាទំនើបខ្លាំង ឬរូបរាងមិនទាន់សម័យខ្លាំងដូច Tesla ប៉ុន្តែ ពួកវានៅតែទទួលបានការគាំទ្រច្រើន និងជាហូរហែ។ បច្ចុប្បន្ន ថ្មរបស់ BYD ក៏ត្រូវបានប្រើប្រាស់នៅលើរថយន្ត Tesla។
ទោះជាយ៉ាងណាក៏ដោយ BYD នឹងអាចដើរមិនទាន់គេ បើសិន CATL (Contemporary Amperex Technology Co. Limited) ដែលជាក្រុមហ៊ុនផលិតថ្មធំជាងគេក្នុងពិភពលោក និងបណ្ដាក្រុមហ៊ុននានានៅ កូរ៉េខាងត្បូង ប្រឹងប្រែងជំរុញការប្រើប្រាស់ថ្មដែលមានថាមពលខ្ពស់ជាង។
ក្រុមហ៊ុនចិន BYD បន្តពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួន ដោយផ្គត់ផ្គង់ថ្មដែលមានរូបរាងជាដំបង (ប្រភេទដែលដូចទៅនឹងថ្មដែល Tesla កំពុងប្រើប្រាស់) ឱ្យ BMW AG ដោយបំបាត់ថ្មដែលមានរូបរាងជ្រុង។
សូម្បីតែនៅពេល CATL មិនទទួលបានជោគជ័យ BYD ក៏នៅតែទទួលបានផលចំណេញពីយុទ្ធសាស្ត្រមួយដែលមានចក្ខុវិស័យវែងឆ្ងាយ និងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ប្រការនេះទំនងជាអាចជួយឱ្យ BYD យកឈ្នះលើ Telsa នៅថ្ងៃណាមួយមិនខាន៕