ប្រការដែលចម្លែក និងអាថ៌កំបាំងជាទីបំផុតនោះគឺថា នៅក្នុងដើមឈើដ៏ធំនេះមានប្រហោងតូចមួយអាចមើលឃើញរូបសំណាកព្រះពុទ្ធដែលស្ថិតនៅខាងក្នុង។
នៅ ប្រទេសចិន មានរុក្ខជាតិវ័យចំណាស់ដ៏អាថ៌កំបាំងមួយដើមដែលមានឈ្មោះជាភាសាអង់គ្លេស ថា camphor ឬភាសាជប៉ុន ហៅថា kusunoki ដែលស្ថិតនៅក្នុងខេត្ត Fujian។ រូបសំណាកព្រះពុទ្ធមួយអង្គដែលមានទំហំប៉ុនបាតដៃមនុស្ស កំពុងលាក់ព្រះកាយនៅខាងក្នុងរុក្ខជាតិដែលមានអាយុកាលរាប់ពាន់ឆ្នាំនេះ។ មកដល់បច្ចុប្បន្ន ប្រវត្តិរបស់ដើមរុក្ខជាតិខាងលើនៅតែជារឿងអាថ៌កំបាំង។
ដើមឈើនេះស្ថិតនៅក្នុងភូមិ Kaoting, សង្កាត់ Jianyang, ក្រុង Nanping, ខេត្ត Fujian ប្រទេសចិន។ នៅទីនេះសម្បូរដើម camphor ដែលមានអាយុកាលរាប់រយ រាប់ពាន់ឆ្នាំ។ សូម្បីតែនៅរដូវក្ដៅ អ្នកក៏នៅតែទទួលបានភាពត្រជាក់ដោយសារតែម្លប់ដ៏ត្រឈឹងត្រឈៃនៃរុក្ខជាតិទាំងនេះ។
នៅក្បែរច្រកចូលភូមិ Kaoting មានដើម camphor មួយដើមយ៉ាងធំ ដែលមានមែកសាខាផ្ដល់ម្លប់យ៉ាងត្រជាក់។ ដើមឈើនេះមានកម្ពស់ ៣៦ ម៉ែត្រ, អង្កត់ផ្ចិតរបស់ដើមនេះមានប្រវែង ១០.៥ ម៉ែត្រ, មែករបស់វាលាតសន្ធឹង ៩០០ ម៉ែត្រក្រឡា និងមានអាយុកាលជាង ១,០០០ ឆ្នាំ។
ប្រការដែលអស្ចារ្យបំផុតរបស់ដើម camphor នេះគឺថា វាមានប្រហោងតូចមួយ ខាងក្នុងមានរូបសំណាកព្រះពុទ្ធកម្ពស់ប្រហែល ៦០ ស.ម។ អ្នកដែលមានស្មារតីខ្សោយ នៅពេលបានឃើញផ្ទៃព្រះភក្ត្ររបស់ព្រះពុទ្ធរូបដែលស្ថិតនៅខាងក្នុងដើមឈើនេះ ប្រាកដជាភ្ញាក់ផ្អើល «បះសក់» មិនខាន។
ដើមឈើខាងលើនេះ បានទាក់ទាញពុទ្ធបរិស័ទពីគ្រប់ទិសទីក្នុង ប្រទេសចិន មកគោរពបូជា សុំសេចក្ដីសុខ សេចក្ដីចម្រើន។ ក៏ប៉ុន្តែ មានមតិមួយចំនួនលើកឡើងថា នេះគ្រាន់តែជាការរៀបចំរបស់អាជ្ញាធរដែនដី ក្នុងបំណងទាក់ទាញភ្ញៀវទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះ៕