តម្លៃប្រេងពិភពលោកក្នុងថ្ងៃទី ០១ មិថុនា បានកើនឡើង បន្ទាប់ពីក្រុមមេដឹកនាំរបស់ សហភាពអឺរ៉ុប (EU) ឯកភាពលើការដាក់ទណ្ឌកម្មតាមដំណាក់កាលទៅលើប្រេងនាំចូលពី រុស្ស៊ី។
ក្រៅពីកត្តាខាងលើនេះ ការដែល ប្រទេសចិន បញ្ចប់ការបិទខ្ទប់ដោយសារ កូវីដ-១៩ នៅ សៀងហៃ ក៏អាចជំរុញឱ្យតម្រូវការប្រេងកើនឡើងផងដែរ។
ក្នុងថ្ងៃទី ០១ មិថុនា តម្លៃប្រេង Brent មានលំនឹងក្នុងរង្វង់ ១១៦.២៩ ដុល្លារ/ធុង កើន ៦៩ សេន (ប្រហែល ០.៦%)។ តម្លៃប្រេង WTI ក៏ឡើងថ្លៃ ៥៩ សេន (០.៥%) ឡើងដល់ ១១៥.២៦ ដុល្លារ/ធុង។
សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទកន្លងទៅ បានឯកភាពគ្នាលើគោលការណ៍កាត់បន្ថយ ៩០% នៃបរិមាណប្រេងនាំចូលពី រុស្ស៊ី នៅចុងឆ្នាំនេះ។ នេះគឺជាទណ្ឌកម្មធ្ងន់ធ្ងរបំផុតរបស់ EU ក្រោយពី រុស្ស៊ី បានចូលឈ្លានពាន អ៊ុយក្រែន។
លោក Bill Farren-Price ប្រធានក្រុមហ៊ុនស្រាវជ្រាវទីផ្សារថាមពល Enverus (សហរដ្ឋអាម៉េរិក) ឱ្យដឹងថា ទណ្ឌកម្មថ្មីរបស់ EU នេះ អាចនឹងធ្វើឱ្យ រុស្ស៊ី ខាតបង់ប្រេងនាំចេញប្រហែល ៣ លានធុង/ថ្ងៃ ហើយ រុស្ស៊ី ក៏មិនងាយនឹងបង្វែរបរិមាណប្រេងទាំងនេះទៅកាន់ទីផ្សារដទៃ។