ទារកម្នាក់ទើបតែមានអាយុ ៤០ ថ្ងៃសោះ ត្រូវបានគេរកឃើញថា មានផ្ទៃពោះដែលកំពុងរីកចម្រើន។
យោងតាម Sputnik ហេតុការណ៍ចម្លែកនេះត្រូវបានរកឃើញបន្ទាប់ពីឪពុកម្ដាយរបស់ទារកនេះមើលឃើញថា ពោះរបស់កូនពួកគេឡើងធំ និងធ្វើឱ្យពិបាកនោម។
វេជ្ជបណ្ឌិត Tabrez Aziz នៃមជ្ឈមណ្ឌលសុខាភិបាល Rahmania ក្នុងតំបន់ Bihar បានស្នើឱ្យថត CT ក្រពះរបស់ទារកនេះ ហើយលទ្ធផលបានធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំង។ វេជ្ជបណ្ឌិតឱ្យដឹងថា ពួកគេបានឃើញទារកក្នុងផ្ទៃរបស់ទារកវ័យ ៤០ ថ្ងៃនេះ កំពុងតែរីកចម្រើននៅក្នុងក្រពះ។
បច្ចុប្បន្ន សុខភាពរបស់ទារកវ័យ ៤០ ថ្ងៃខាងលើនេះបានប្រសើរឡើងវិញហើយ បន្ទាប់ពីការវះកាត់ព្យាបាល ហើយក៏បានអនុញ្ញាតឱ្យចេញពីពេទ្យរួចហើយដែរ។
ក្រុមអ្នកឯកទេសបានឱ្យដឹងថា បាតុភូតចម្លែកនេះត្រូវបានគេហៅថា «គភ៌ក្នុងគភ៌» គឺជាស្ថានភាពដែលទារកមួយចិញ្ចឹមទារកមួយទៀតដែលត្រូវជាបងប្អូនភ្លោះ នៅក្នុងរាងកាយរបស់ខ្លួន។ ក្រុមវេជ្ជបណ្ឌិតបានប្រាប់ទីភ្នាក់ងារសារព៏ត៌មាន ANI របស់ ឥណ្ឌា ថា នេះគឺជាករណីដ៏សែនកម្រ។ ក្រុមអ្នកវិទ្យាសាស្ត្រយល់ថា ករណីបែបនេះកើតឡើងនៅពេលទារកមួយក្នុងផ្ទៃ ត្រូវបាន «ស្រូបយក» ដោយទារកមួយទៀតដែលនៅក្នុងផ្ទៃជាមួយគ្នា។
កាលពី ៥ ឆ្នាំមុន នៅ ហុងកុង និង ឆ្នាំ ២០១៩ នៅ អ៊ីស្រាអែល ក៏ធ្លាប់មានសេចក្ដីរាយការណ៍ស្ដីពីករណីដូចទៅនឹងរឿងរ៉ាវខាងលើនេះដែរ។