(សហរដ្ឋអាម៉េរិក)-ប្រភេទកញ្ចក់ពេជ្រថ្មីមានសភាពរឹងមាំកម្រិតខ្ពស់ ត្រូវបានកែច្នៃពីត្បូងពេជ្រ អាចប្រើប្រាស់ក្នុងការផលិតគ្រឿងអេឡិចត្រូនិក និងការបញ្ជូនព័ត៌មានក្នុងទីអវកាសឆ្ងាយ។
ក្រុមស្រាវជ្រាវរបស់សាលាវិស្វកម្ម និងវិទ្យាសាស្ត្រអនុវត្ត Harvard John A. Paulson (SEAS) ច្នៃកញ្ចក់ «មហារឹងមាំ» មានសមត្ថភាពទាញយក និងបញ្ជាកម្លាំងរបស់រលកឡាស៊ែរប្រភេទ CW (Continuous-Wave) ដែលមានថាមពលកម្រិតខ្ពស់។ ការស្រាវជ្រាវនេះទើបត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Nature Communication កាលពីថ្ងៃទី ១១ ឧសភា។
ឡាស៊ែរដែលមានកម្លាំងខ្លាំងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការផលិតរថយន្ត រថភ្លើង និងយន្តហោះភាគច្រើន។ ក៏ប៉ុន្តែ ការច្នៃឧបករណ៍រឹងមាំដើម្បីបញ្ជាកាំរស្មីឡាស៊ែរកម្លាំងខ្លាំងដែលអាចកាត់ដែកថែបបានគឺជារឿងលំបាកជាទីបំផុត ព្រោះថា បើសិនជាឧបករណ៍ដែលប្រើសម្រាប់កំណត់ទិសរបស់ឡាស៊ែរជួបបញ្ហាក្នុងពេលធ្វើការ កាំរស្មីឡាស៊ែរនឹងអាចកម្ទេចប្រព័ន្ធម៉ាស៊ីនបាន។
សាស្ត្រាចារ្យ Marko Loncar មកពី SEAS និងជាសមាជិកនៃក្រុមស្រាវជ្រាវខាងលើឱ្យដឹងថា «បច្ចេកវិទ្យានេះផ្ដល់ក្ដីសង្ឃឹមក្នុងការកែសម្រួល ឬបង្កើតឧបករណ៍ថ្មីសម្រាប់គ្រប់គ្រងឡាស៊ែរកម្លាំងខ្លាំង»។
ក្រុមស្រាវជ្រាវអះអាងថា កញ្ចក់ត្បូងពេជ្ររបស់ពួកគេអាចស៊ូទ្រាំបានជាមួយនឹងកាំរស្មីឡាស៊ែរកម្លាំង ១០ គីឡូវ៉ាត់ ដោយមិនមានការខូចខាតណាទាំងអស់។
ក្រុមអ្នកជំនាញសង្ឃឹមថា ក្នុងពេលអនាគត កញ្ចក់ប្រភេទថ្មីនេះអាចត្រូវបានប្រើប្រាស់ក្នុងការផលិតគ្រឿងអេឡិចត្រូនិក ការពារជាតិ បញ្ជូនទិន្នន័យនៅទីអវកាសឆ្ងាយៗ និងក្នុងវិស័យជាច្រើនផ្សេងទៀត។