Salvador Ramos ត្រូវបានកំណត់ថាជាជនសង្ស័យនៅក្នុងករណីបាញ់រះនៅឯសាលាបឋមសិក្សា Robb ក្នុងរដ្ឋ Texas ដែលបានសម្លាប់មនុស្សយ៉ាងតិច ២១ នាក់។
អភិបាលរដ្ឋ Texas លោក Greg Abbott ប្រកាសថា Salvador Ramos អាយុ ១៨ ឆ្នាំ គឺជាជនសង្ស័យនៅក្នុងករណីបាញ់រះនៅក្នុងសាលារៀន Robb ក្នុងទីក្រុង Uvalde រដ្ឋ Texas សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ២៤ ឧសភា ២០២២។ Ramos ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់នៅកន្លែងកើតហេតុ។
យោងតាមលោក Abbott ជនសង្ស័យទំនងជាបានបាញ់សម្លាប់ជីដូនរបស់ខ្លួន មុនពេលកាន់កាំភ្លើងខ្លី និងកាំភ្លើងវែង ចូលមកសាលារៀន។
BBC បានឱ្យដឹងថា ក្មេងចំនួន ១៤ នាក់ រួមនឹងគ្រូបង្រៀនជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍បាញ់រះនេះ ខណៈដែលតំណាងរាស្ត្រសនៅសភា Texas បានឱ្យដឹងថា ក្មេងចំនួន ១៨ នាក់ និងមនុស្សពេញវ័យ ៣ នាក់ បានស្លាប់។
បន្ទាប់ពីអភិបាលរដ្ឋ Texas បានប្រកាសអំពីអត្តសញ្ញាណរបស់ជនដៃដល់ គេឃើញគណនី Instagram ដែលមានឈ្មោះថា salv8dor_ ដែលត្រូវបានគេជឿថាជារបស់ Ramos ត្រូវបានលុបចោល។ គណនីនេះបានបង្ហោះរូបថតស្ដីពីកាំភ្លើង និងបង់គ្រាប់កាំភ្លើង។
មនុស្សម្នាក់ដែលមានគណនីបណ្ដាញសង្គមឈ្មោះថា epnupues ឱ្យដឹងថា មិនបានស្គាល់ Ramos ប៉ុន្តែ ធ្លាប់ត្រូវជននេះ Tag ទៅលើរូបថតកាំភ្លើង អមជាមួយនឹងសារ «មានអាថ៌កំបាំងតូចមួយ»។ ម្ចាស់គណនីឈ្មោះ epnupues បន្ថែមថា នាងភ័យខ្លាចណាស់ និងបានសួរទៅកាន់គណនីឈ្មោះ sal8dor_ អំពីមូលហេតុដែលគាត់ធ្វើបែបនេះ។ «នាងនឹងត្រូវបង្ហោះឡើងវិញនូវរូបថតស្ដីពីកាំភ្លើងរបស់ខ្ញុំ» គណនី salv8dor_ ផ្ញើសារឱ្យ គណនី epnupues កាលពីថ្ងៃទី ១២ ឧសភា។
សាលាបឋមសិក្សា Robb មានសិស្សជាង ៥០០ នាក់ ដែលភាគច្រើនគឺជាពលរដ្ឋដើមកំណើតអេស្ប៉ាញ និងមានស្ថានភាពលំបាក។
នេះគឺជាករណីបាញ់រះក្នុងសាលារៀនដ៏អាក្រក់បំផុតនៅ សហរដ្ឋអាម៉េរិក រាប់ចាប់ពីករណីវាយប្រហារនៅសាលារៀន Sandy Hook រដ្ឋ Connecticut កាលពីឆ្នាំ ២០១២ បណ្ដាលឱ្យក្មេង ២០ នាក់ និងបុគ្គលិកសិក្សា ៦ នាក់បានបាត់បង់ជីវិត។