(អ៊ីតាលី)-នៅក្នុងការសាកល្បងហោះហើរមានមនុស្សបើកបរ យន្តហោះសម្រាប់មនុស្សម្នាក់ Jetson One ដំណើរការយ៉ាងរលូត ឆ្លងកាត់ភូមិសាស្ត្រជាច្រើនសណ្ឋាន។
Jetson One គឺជាយន្តហោះសម្រាប់មនុស្សម្នាក់ដែលអាចបើកបរក្នុងល្បឿន ១០២ គីឡូម៉ែត្រ/ម៉ោង និងអាចហោះបានរយៈចម្ងាយ ៣២ គីឡូម៉ែត្រ បន្ទាប់ពីបញ្ចូលថាមពលពេញ។ ម៉ូដែលយន្តហោះអគ្គិសនីដែលអាចហោះឡើង និងចុះចតដោយត្រង់ (eVTOL) នេះ ត្រូវបានបង្ហាញជាផ្លូវការកាលពីខែតុលា ២០២១ ហើយវាល្បីឈ្មោះដល់ថ្នាក់លក់ដាច់ស្ទើរអស់ភ្លាមៗ សម្រាប់ដំណាក់កាលប្រគល់ទំនិញនៅចុងឆ្នាំនេះ។
ក្រុមហ៊ុន Jetson នៅ ស៊ុយអែត និង ប៉ូឡូញ កាលពីថ្ងៃទី ១៩ ឧសភា បានចែករំលែកវីដេអូថ្មីដែលថតអ្នកបើកបរកូនយន្តហោះនេះនៅឯ Tuscany ប្រទេសអ៊ីតាលី។ ក្នុងវីដេអូនោះ អ្នកកាន់ចង្កូតអនាមិក កំពុងបើកបរ Jetson One ឆ្លងកាត់វាល និងព្រៃ។ ក្រុមហ៊ុននេះក៏បានបញ្ជាក់ថា យន្តហោះនេះអាចហោះពីលើផ្ទៃទឹកផងដែរ។
Peter Ternstrom ប្រធានក្រុមហ៊ុន Jetson និងសហស្ថាបនិក Tomasz Patan បានបង្កើតក្រុមហ៊ុននេះឡើងកាលពីឆ្នាំ ២០១៧ បន្ទាប់ពីមានគំនិតរចនាកូនយន្តហោះនេះកាលពីប៉ុន្មានឆ្នាំមុននោះ។ ពួកគេបំពាក់បច្ចេកវិទ្យាជាច្រើនដើម្បីធានាថា ម៉ាស៊ីនដំណើរការប្រកបដោយសុវត្ថិភាព។
Jetson One មានទម្ងន់ ៨៦ គីឡូក្រាម អាចហោះបាន ២០ នាទី/លើក និងពេលវេលាសម្រាប់បញ្ចូលថាមពលគឺ ២ ម៉ោង។ ក្រុមហ៊ុន Jetson ឱ្យដឹងថា នៅឆ្នាំ ២០២៦ ពួកគេនឹងផលិតកូនយន្តហោះប្រភេទដែលអាចផ្ទុកមនុស្សបាន ២ នាក់ ហើយនៅចុងទសវត្សរ៍នេះ Jetson នឹងផលិតប្រភេទផ្ទុកមនុស្សបាន ៤ នាក់៕