ក្រោយការរឹតបន្តឹងរយៈពេលជិត ២ ឆ្នាំ ចំពោះសកម្មភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាងច្រើន ទីក្រុងប៉េកាំង កំពុងរកវិធីជំរុញវិស័យអនឡាញ ដើម្បីស្ដារសេដ្ឋកិច្ចជាតិ។
យោងតាមទំព័រ Nikkei Asia រដ្ឋាភិបាលចិន គ្រោងនឹងប្ដូរផ្លាស់គោលនយោបាយទាក់ទិននឹងការគ្រប់គ្រងបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Alibaba, Tencent ។ល។ ប្រភពព័ត៌មានឱ្យដឹងថា រដ្ឋាភិបាលនឹងជំរុញលើការកំណត់ស្ដីពីការបង្កើនចំនួនអ្នកប្រើប្រាស់ និងលើកឡើងនូវវិធានការគាំទ្រជាក់លាក់ បំណងធានាការរីកចម្រើនស្របច្បាប់នៅក្នុងបរិស្ថានអ៊ីនធើណិត។
ដើមខែឧសភានេះ កិច្ចប្រជុំរវាងក្រុមមេដឹកនាំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅ ប្រទេសចិន គ្រោងនឹងធ្វើឡើងដើម្បីឆ្លើយតបទៅនឹងទស្សនវិស័យថ្មីរបស់រដ្ឋាភិបាល។
ទីភ្នាក់ងារសារព័ត៌មាន Nikkei Asia អធិប្បាយថា «បើទោះជាយុទ្ធនាការបង្ក្រាបលើបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធំៗតាំងពីឆ្នាំ ២០២០ បាននាំមកនូវប្រសិទ្ធភាព ប៉ុន្តែ ចំណុចស្នូលនៃការរីកចម្រើនរបស់សេដ្ឋកិច្ចបានថយចុះច្រើន។ មេដឹកនាំចិន បានដឹងអំពីប្រការនេះ ហើយកំពុងស្វែងរកវិធីដើម្បីបង្កើនអំណាចដល់បណ្ដាក្រុមហ៊ុនអ៊ីនធើណិត នាពេលខាងមុខ»៕