តំបន់ Kherson នៅភាគខាងត្បូងនៃ ប្រទេសអ៊ុយក្រែន នឹងចាប់ផ្ដើមប្រើប្រាស់ប្រាក់ រូប្ល របស់ រុស្ស៊ី ចាប់ពីថ្ងៃទី ១ ឧសភា។
យោងតាម Reuters ព័ត៌មានខាងលើគឺជាការឱ្យដឹងពីលោក Kirill Stremousov ជាមន្ត្រីនៃគណៈកម្មការមួយស្និទ្ធនឹង រុស្ស៊ី ដែលហៅខ្លួនឯងថា «អាជ្ញាធរយោធា-ស៊ីវិល» របស់តំបន់ Kherson។
លោក Stremousov និយាយថា ការប្ដូរទៅប្រើប្រាស់រូបិយប័ណ្ណ រូប្ល របស់ រុស្ស៊ី នឹងត្រូវចំណាយពេល ៤ ខែ។ ក្នុងអំឡុង ៤ ខែនោះ ប្រាក់ រូប្ល និងត្រូវបានប្រើប្រាស់ទន្ទឹមគ្នានឹងរូបិយវត្ថុផ្លូវការរបស់ អ៊ុយក្រែន (Hryvnia)។
កាលពីថ្ងៃទី ២៦ មេសា រុស្ស៊ី បានឱ្យដឹងថា ពួកគេដណ្ដើមបានអំណាចទាំងស្រុងនៅ Kherson ដែលជាតំបន់យុទ្ធសាស្ត្រ ព្រោះជាផ្នែកមួយដែលតភ្ជាប់ដីគោករវាង ឧបទ្វីប Crimea និងបណ្ដាតំបន់ផ្ដាច់ខ្លួននៅភាគខាងកើតរបស់ អ៊ុយក្រែន។
រុស្ស៊ី បានជ្រើសតាំងអភិបាលក្រុងដោយឡែករបស់ពួកគេនៅ ទីក្រុង Kherson និងចូលគ្រប់គ្រងសាលាក្រុងរបស់តំបន់នេះ។ នេះគឺជាទីក្រុងធំដំបូងដែលបានធ្លាក់ទៅលើដៃ រុស្ស៊ី បន្ទាប់ពីសង្គ្រាមនៅ អ៊ុយក្រែន បានផ្ទុះឡើងកាលពីថ្ងៃទី ២៤ កុម្ភៈ។