(ហូឡង់)-នាវាមុជទឹក Nexus បំពាក់ថ្មដែលអាចដំណើរការបាន ១៨ ម៉ោង និងមានបង្អួចធំទូលាយ អាចមើលឃើញស្ទើរគ្រប់ទិស។
ក្រុមហ៊ុនអភិវឌ្ឍនាវាមុជទឹក U-Boat Worx (ហូឡង់) បង្ហាញម៉ូដែលនាវាមុជទឹកថ្មីដែលមានឈ្មោះថា Nexus នេះបើតាម New Atlas ចុះផ្សាយកាលពីថ្ងៃទី ២២ មេសា។ Nexus មានកំណែចំនួន ២ ក្នុងនោះ ទី ១ ដឹកមនុស្សបាន ៨ នាក់ រួមទាំងក្មេង ២ នាក់ និងអ្នកបើកបរម្នាក់ ចំណែកកំណែទី ២ ដឹកមនុស្សបាន ៧ នាក់។ កំណែទាំង ២ នេះ សុទ្ធតែមានរូបរាងដូចទៅនឹងពងក្រពើ។
U-Boat Worx បំពាក់ទ្វារចេញចូលធំបំផុតសម្រាប់នាវាតូចដូច Nexus ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវ ខណៈដែលជណ្ដើរយន្តក៏អាចត្រូវបានបំពាក់បន្ថែម។
Nexus ត្រូវបានផលិតឡើងដើម្បីផ្ដល់ភាពងាយស្រួលដល់ការទម្លាក់ចូលទឹកសមុទ្រ និងទាញឡើងដោយនាវានៅលើផ្ទៃទឹក ប៉ុន្តែក៏អាចនាំចូលទឹកសមុទ្រពីដីគោក។ ប្រព័ន្ធបញ្ជាគ្មានខ្សែ ជួយឱ្យនាវានេះផ្លាស់ទីចេញឆ្ងាយពីនាវាជំនួយ និងជួយឱ្យវាស្ថិតនៅត្រង់ទីតាំងកំណត់។ នាវា Nexus អាចមុជចុះដល់ជម្រៅ ២០០ ម៉ែត្រ។
នាវានេះប្រើប្រាស់ថ្ម Li-ion ៦២ គីឡូវ៉ាត់ម៉ោង ស៊ូបានយ៉ាងល្អជាមួយនឹងសម្ពាធទឹក និងអាចដំណើរការបាន ១៨ ម៉ោង ក្រោយពីបញ្ចូលថាមពលពេញ ដែលនេះគឺគ្រប់គ្រាន់សម្រាប់មុជទឹក ១០ ជើងជារៀងរាល់ថ្ងៃ។ Nexus បំពាក់ម៉ាស៊ីនចំនួន ១០ ដែលមានថាមពល ៦.៤ គីឡូវ៉ាត់ អាចបើកបរក្នុងល្បឿន ៥.៦ គីឡូម៉ែត្រ/ម៉ោង និងអាចផ្លាស់ទីទៅកាន់ទិសណាក៏បាន។
នាវា Nexus អាចត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមតំបន់ទេសចរណ៍លំដាប់ប្រណិត បណ្ដាក្រុមហ៊ុនទេសចរណ៍ផ្លូវទឹក និងអតិថិជនគ្រប់រូបដែលមានបំណងទិញប្រើជាលក្ខណៈឯកជន។ ក្រុមហ៊ុន U-Boat Worx មិនទាន់បង្ហើបឱ្យដឹងអំពីតម្លៃរបស់នាវា Nexus នៅឡើយ ប៉ុន្តែ គេជឿថា វាទំនងជានឹងមានតម្លៃខ្ពស់។