រាប់ចាប់តាំងពីដើមឆ្នាំមកដល់បច្ចុប្បន្ន សន្ទស្សន៍ភាគហ៊ុននៃផ្សារហ៊ុនរបស់ប្រទេសនេះ បានធ្លាក់ដាំក្បាលចុះដោយមិនអាច «ចាប់ហ្វាំង» បាន។
កាលពីដើមខែមេសា សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ប្រកាសក្ស័យធននៅចំពោះមុខខ្ទង់បំណុលបរទេសតម្លៃ ៥១ ពាន់លានដុល្លារអាម៉េរិក ដើម្បីជាដំណោះស្រាយចុងក្រោយ នៅពេលដែលប្រទេសកោះមួយនេះ ត្រូវទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត។
ចំណែករដ្ឋាភិបាលវិញ បានឱ្យដឹងថា ពួកគេត្រូវអនុវត្ត «វិធានការបន្ទាន់» នានា ក្នុងពេលរង់ចាំការពិភាក្សាពេញលេញជាមួយ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីទប់ស្កាត់ឱនភាពហិរញ្ញវត្ថុបន្ថែមទៀត។
កាលពីខែកុម្ភៈ ២០២២ ស្រីលង្កា ជាប្រទេសដែលមានប្រជាជន ២០ លាននាក់ នៅសល់រូបិយវត្ថុអន្តរជាតិតែ ២.៣១ ពាន់លានដុល្លារប៉ុណ្ណោះ ខណៈដែលពួកគេត្រូវសងបំណុលក្នុងឆ្នាំ ២០២២ រហូតដល់ ៤ ពាន់លានដុល្លារ។ អតិផរណាឡើងដល់ ១៧.៥% ជាកម្រិតកំពូលមិនធ្លាប់មាន នៅក្នុងខែកុម្ភៈ។
ទីផ្សារមូលបត្ររបស់ ស្រីលង្កា បានស្ដែងចេញយ៉ាងច្បាស់អំពីស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្នរបស់កោះនេះ។ កាលពីថ្ងៃចន្ទ ផ្សារហ៊ុនកូឡុំបូ បើកទ្វារជួញដូរ ក្រោយពីបានបិទទ្វារអស់មួយរយៈពេលយូរ ហើយសន្ទស្សន៍ S&P របស់ប្រទេសនេះ បានបាត់បង់ ៧% ភ្លាមៗ នៅក្នុងការជួញដូរដំបូង។ យោងតាមការកំណត់របស់ស្ថាប័នគ្រប់គ្រងការជួញដូរភាគហ៊ុនកូឡុំបូ របស់ ស្រីលង្កា បើសិនសន្ទស្សន៍ត្រូវធ្លាក់ចុះរហូតដល់ ៥% ពេលនោះអាចផ្អាកការជួញដូរជាស្វ័យប្រវត្តក្នុងរយៈពេលកន្លះម៉ោង។
ភាគហ៊ុននានាត្រូវបានលក់ចោលជាបន្តបន្ទាប់ នាំឱ្យសន្ទស្សន៍រួមបន្តដាំក្បាលចុះយ៉ាងលឿន បណ្ដាលឱ្យស្ថាប័ននេះប្រកាសផ្អាកការជួញដូរក្នុងអំឡុងពេលដែលនៅសេះសល់របស់ថ្ងៃចន្ទ។
នៅពេលពិនិត្យមើលប្រវត្តិរបស់សន្ទស្សន៍ S&P Sri Lanka 20 Index នៅលើ Investing ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ១១ តុលា ២០១១ ដល់ថ្ងៃទី ៨ មេសា ២០២២ គេឃើញថា សន្ទស្សន៍របស់ប្រទេសនេះ មានកំណើនល្អរហូតដល់ចុងខែមករា ២០២។ ពេលខ្លះ វាថែមទាំងបានឡើងដល់កំពូល ២ លើក គឺ ៤,៦២០ ពន្ទុ នៅថ្ងៃទី ១៩ និង ២៤ មករា ២០២២។
បន្ទាប់ពីមានព័ត៌មានមិនល្អស្ដីពីសេដ្ឋកិច្ចជាតិ សន្ទស្សន៍ខាងលើក៏បានចាប់ផ្ដើមធ្លាក់ចុះយ៉ាងលឿន។ ការជួញដូរចុងក្រោយគឺនៅថ្ងៃទី ៨ មេសា។ កាលពីថ្ងៃនោះ S&P Sri Lanka 20 Index នៅសល់ត្រឹមតែ ២,៦២៤ ពិន្ទុ ពោលគឺបាត់បង់តម្លៃជាង ៥០% ធៀបនឹងតម្លៃកំពូលមុននោះ ៣ ខែ។
មកដល់ម៉ោង ១១ និង ៣០ នាទី នៃថ្ងៃទី ២៦ មេសានេះ (ម៉ោងនៅ កម្ពុជា) គេហទំព័ររបស់ផ្សារហ៊ុនកូឡុំបូ បាន «បិទ» ទិន្នន័យដែលបង្ហាញអំពីពិន្ទុរបស់ សន្ទស្សន៍ S&P Sri Lanka 20 Index។ នៅក្នុងប្រអប់ប្រកាសអំពីតម្លៃដូចជា ពិន្ទុបច្ចុប្បន្ន និងពិន្ទុឡើងចុះជាដើម របស់សន្ទស្សន៍នេះ សុទ្ធតែស្មើនឹង ។
ដោយឡែក សន្ទស្សន៍ All Share Index (ASPI) នៅលើគេហទំព័រ ត្រូវបានកត់ត្រាត្រឹម ៧,៥១៣.៨៥ ពិន្ទុ ខណៈដែលព័ត៌មានបង្ហាញពីពិន្ទុ និងភាគរយឡើងចុះ ក៏សុទ្ធតែត្រូវបានកត់ត្រាត្រឹមលេខ ០៕