នៅវេលាម៉ោងជាង ១០ ព្រឹក ថ្ងៃទី ២៣ មេសា ២០២២ មានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែងដែលស្ថិតតាមបណ្ដោយផ្លូវលេខ ៦៣ កែងផ្លូវលេខ ២៧៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ ក្រោយពីទទួលបានដំណឹងនេះភ្លាម។
សមត្ថកិច្ចត្រូវវាយទម្លុះបង្អួចដើម្បីអាចចូលពន្លត់អគ្គិភ័យនៅខាងក្នុងផ្ទះ។ ប្រភពព័ត៌មានឱ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះនេះ គឺជាកន្លែងកាត់ដែរសម្លៀកបំពាក់ដែលមានឈ្មោះថា បញ្ញាម៉ូតកាត់ដេរ។
រដូវក្ដៅគឺជាពេលវេលាដែលតែងកើតមានគ្រោះអគ្គិភ័យជាញឹកញាប់ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពិសេសគឺភ្លើងចង្ក្រាន ភ្លើងធូបទៀន និងខ្សែភ្លើងដែលមានសភាពចាស់។ល។